បរទេស៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូនបាចូនៃខេត្តនូសាតេងហ្ការ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៩-១១ ខែឧសភា នឹងមានរបៀបវារៈកិច្ចប្រជុំចំនួនប្រាំបី។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi)។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែមេសាថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នឹងត្រូវបានរៀបចំជាពីរទម្រង់ គឺកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត។ លោកស្រីបាននិយាយបន្ថែមថា បញ្ហាសំខាន់ៗនឹងត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
យោងតាមលោកស្រី ម៉ាស៊ូឌី បានឱ្យដឹងថា កិច្ចប្រជុំចំនួនប្រាំពីរក្នុងចំណោមកិច្ចប្រជុំទាំងប្រាំបីនឹងត្រូវដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី ចូកូ វីដូដូ (Joko Widodo) រួមទាំងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានជាមួយសភា យុវជន ធុរកិច្ច និងក្រុមការងារជាន់ខ្ពស់។
កិច្ចប្រជុំពីរផ្សេងទៀត គឺកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃកំណើនអនុតំបន់ត្រីកោណឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការកំណើនអាស៊ានបូព៌ារវាងប្រ៊ុយណេដារូសាឡឹម-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែឧសភា ជាមួយនឹងរបៀបវារៈនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងបន្តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែឧសភា។ កិច្ចប្រជុំកំពូលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១១ ខែឧសភា៕
ប្រភព៖ ក្រសួងព័ត៌មាន