សម្ដេចតេជោ ហ៊ុន សែន សម្រេចនិរាករណ៍ចោលអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៣ និងអនុវត្តន៍អនុក្រឹត្យចាស់ ទាក់ទងបញ្ហាអន្លង់ផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចនិរាករណ៍ចោលអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងអនុវត្តន៍អនុក្រឹត្យ ចាស់ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ឡើងវិញ ទាក់ទងទៅនឹងបញ្ហាអន្លង់ផ្សោតនៅខេត្តក្រចេះ និងខេត្ដស្ទឹងត្រែងនោះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។ សម្ដេចតេជោមានប្រសាសន៍ថា៖ «បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្របដណ្ដប់នៅក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតនេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង»។

សម្ដេចតេជោលើកឡើងថា នៅពេលដែលសម្ដេចបានអញ្ជើញទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះ ពេលនោះសម្ដេចបានផ្ដល់អនុសាសន៍ឱ្យរៀបចំនៅតំបន់ស្នូល ដោយហាមឃាត់ការធ្វើនេសាទដោយឧបករណ៍មង។ ប៉ុន្តែបន្ទាប់ពីការអនុវត្តពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏មានសត្វផ្សោតនៅតែស្លាប់ជាបន្តទៀត ហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ។ សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះយប់មិញនេះសម្ដេចតេជោបានសម្រេច ជ្រើសរើសយកវិធានការមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវជម្រើស ចំនួន៥ ប៉ុន្តែជម្រើសទី ១ លុបចេញនូវអនុក្រឹត្យថ្មី និងអនុវត្តន៍អនុក្រឹត្យចាស់។

ដូច្នេះក្នុងជម្រើសទាំង៥នេះ សម្ដេចតេជោបានសម្រេចជ្រើសរើស យកជម្រើសទី១ គឺលុបចោលអនុក្រិត្យថ្មី ដោយពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទ ដូចជា មងក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការការគិតគូរឡើងវិញ ពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។ត្រង់ចំណុចនេះ សូមជូនព័ត៌មានដល់អាជ្ញាធរខេត្តទាំងពីរ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសត្វផ្សោតបានងាប់ជាបន្តបន្ទាប់ ដោយកត្តាផ្សេងៗគ្នា ជាពិសេសគឺដោយសារមង និងសន្ទូចដែលបានរាយ និងដាក់ដោយអ្នកនេសាទខុសច្បាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញកូនផ្សោត ដែលមានអាយុទើបតែបាន ៤ថ្ងៃបានងាប់ក្នុងសភាពរបកស្បែក ដាច់កន្ទុយ ខណៈដាក់ការសន្និដ្ឋានក្រោយធ្វើកោសល្យវិច្ឆ័យថា ការងាប់របស់កូនផ្សោតឈ្មោលនេះ ដោយសារជាប់មង៕

ប្រភព៖ ក្រសួងព័ត៌មាន