ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់ជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ដោយគោរពឱ្យបាននូវសណ្ដាប់ធ្នាប់ដែលបានរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ ដោយសម្ដេចតេជោបានគូសបញ្ជាក់ថា «សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនេះ ក៏នឹងក្លាយទៅជាទម្លាប់ដ៏ល្អសម្រាប់ប្រទេសរបស់យើង និងក៏ជាការស្រឡាញ់រាប់អានពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវដែលមកទស្សនាក្នុងប្រទេសរបស់យើង»។
ក្នុងសារជាសំឡេងតាមតេឡេក្រាម នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ជូនជនរួមជាតិ និងជាពិសេសបងប្អូនយុវជនដែលជាអ្នគាំទ្រកីឡា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃមុននេះសម្ដេចបានជម្រាបទៅអាជ្ញាធររាជធានី ខេត្ត ឱ្យរៀបចំស្លាយសម្រាប់បញ្ចាំងផ្សាយបន្តផ្ទាល់ ពីការបើក បិទ និងការប្រកួតស៊ីហ្គេម ដើម្បីបងប្អូនមានលទ្ធភាពមើលពីខាងក្រៅ។ សម្ដេចតេជោថ្លែងថា ហេតុផលគឺស្ថិតនៅត្រង់ថា កន្លែងប្រកួតរបស់យើងគឺមានកម្រិតទទួលចំនួនមនុស្ស ស្តាតរបស់យើងគឺមិនធំពេកទេ ក្នុងពេលដែលតម្រូវការមនុស្សចូលទស្សនាយ៉ាងច្រើន។ អាស្រ័យហេតុនេះ ការរៀបចំទីកន្លែងសម្រាប់ការមើលខាងក្រៅ គឺជារឿងចាំបាច់ ហើយដែលអាជ្ញាធរគ្រប់ទីកន្លែងត្រូវទទួលខុសត្រូវរៀបចំសម្រាប់បងប្អូន ហើយរក្សាសន្តិសុខឱ្យខាងតែបាន។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា អ្វីដែលសម្ដេច ចង់និយាយនៅពេលនេះ គឺចង់ឱ្យបងប្អូនដែលស្នេហាវិស័យកីឡា មេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ តាមរយៈនៃការប្រកួតនីមួយៗ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា បទពិសោធន៍នៅឆ្នាំ២០១៦ នៅក្នុងពេលដែលកីឡាបាល់ទាត់កម្ពុជា ជួបជាមួយនឹងប្រទេសទីម័រខាងកើត ពេលនោះមានបងប្អូនយើងមួយចំនួន បានផ្លោះរបងចូលទៅកាន់ទីលានប្រកួត ដែលធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់។
ពេលនោះ និងពេលនេះ គឺស្ថានភាពមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺននាក់ ដែលមកកាន់ទីក្រុងភ្នំពេញ និងទៅកាន់ទីកន្លែងប្រកួតដទៃទៀតនៅតាមខេត្ត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម ឬកន្លែងដទៃទៀត។ ដូច្នេះសម្ដេចតេជោសូមស្នើចិត្តបងប្អូន មេត្តាយោគយល់ សូមកុំឱ្យមានការបាត់បង់សណ្ដាប់ធ្នាប់ណាមួយ តាមរយៈការមិនគោរពទៅដល់វិធានការផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ សម្ដេចតេជោលើកជាឧទាហរណ៍ថា បញ្ហាការចូលមើលសម្រាប់ការប្រកួតកីឡាបាល់ទាត់ ប្រសិនបើពុំមាននូវលិខិតដែលទទួលបាន ផ្ដល់ដោយអ្នកគ្រប់គ្រងនៃការប្រកួតទេ សូមបងប្អូនមើលទៅតាមការបញ្ចាំងតាមស្លាយបន្តផ្ទាល់ពីខាងក្រៅ ដោយអាជ្ញាធរជាអ្នករៀបចំ។ នេះគឺជាសេចក្ដីត្រូវការពិតប្រាកដមែន ប្រសិនបើយើងសម្រុកចូលទៅដោយមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ហើយប្រសិនបើមានហេតុការណ៍កើតឡើង ដូចជា ការរត់ជាន់គ្នា ក្នុងការប្រកួត ដែលប្រទេសមួយចំនួនបានជួបប្រទះក្នុងរយៈពេលកន្លងទៅ នោះជាការបាត់បង់សណ្ដាប់ធ្នាប់ និងជារឿងដ៏គ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរបស់យើងថែមទៀតផង។
បន្ថែមពីលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសុំចិត្តបងប្អូន ទោះបីគាំទ្រនូវក្រុមកីឡាណាក៏ដោយ ត្រូវប្រកាន់ឥរិយាបថថ្លៃថ្នូរ ដោយមិនប្រើប្រាស់ការជេរប្រមាថចំពោះក្រុមនេះ ឬក្រុមនោះ កីឡាករនេះ កីឡាករនោះ បើទោះបីជាការជេរនោះ ធ្វើឡើងដោយផ្ទាល់ ឬធ្វើឡើងដោយបណ្ដាញសង្គម ដូចជា បងប្អូនទស្សនាទៅតាមរយៈការផ្សាយបន្តផ្ទាល់ ទៅតាមហ្វេសប៊ុក ជាដើម ដែលមិនគួរគប្បីធ្វើការកត់សម្គាល់ ដែលគេហៅថា ខមិននោះ តាមរយៈនៃសំណេរមិនល្អនោះឡើយ។ សម្ដេចតេជោបានស្នើឱ្យបងប្អូនរក្សានូវភាពថ្លៃថ្នូរ ដើម្បីធានាថា ប្រទេសរបស់យើង មិនមានបញ្ហាអ្វីកើតឡើង សូមបងប្អូនផ្ដល់នូវសាមគ្គីភាព ជាមួយកីឡាករ គីឡាការិនី ដែលមកពីប្រទេសផ្សេងៗឱ្យបានល្អជាទីបំផុត ទោះបីចាញ់ ទោះបីឈ្នះ យើងជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវ ត្រូវមានស្មារតីសមគួរជាមួយនឹងភ្ញៀវ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា ការប្រកួត ត្រូវប្រកួតឱ្យអស់ពីលទ្ធភាព ជាមួយនឹងការគោរពនូវបទបញ្ជានៃការប្រកួត។ ប៉ុន្តែបន្ទាប់ពីការប្រកួតទៅ ទោះបីលទ្ធផលឈ្នះ ឬចាញ់ យើងត្រូវធ្វើឥរិយាបថឱ្យបានត្រឹមត្រូវ ចំពោះដៃគូប្រកួតរបស់យើង។ សម្ដេចតេជោ សង្ឃឹមថា បងប្អូនទាំងអស់ និងទទួលយកនូវការអំពាវនាវ នេះជាការធ្វើនូវកិច្ចការដ៏ធំដើម្បីកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ។
សម្ដេចតេជបានគូបញ្ជាក់បន្ថែមថា កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ គឺបានមកដោយសាបុគ្គលម្នាក់ៗចូលរួម។ ប្រសិនបើបុគ្គលម្នាក់ៗចូលរួម វាពូតផ្ដុំបានទៅជាសេចក្ដីថ្លៃថ្នូររបស់ជាតិ របស់របស់យើង។ ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង ទទួលយកការអំពាវនាវនេះ ដោយគោរពឱ្យខាងតែបាន នូវសណ្ដាប់ធ្នាប់ដែលបានរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ។
សម្ដេចតេជោសង្ឃឹមផងដែរថា បងប្អូប្រជាពលរដ្ឋនឹងចូលរួមចំណែក ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ហើយសេចក្ដីថ្លៃថ្នូររបស់ជាតិយើងនេះ ក៏នឹងក្លាយទៅជាទម្លាប់ដ៏ល្អសម្រាប់ប្រទេសរបស់យើង និងបានជាការស្រឡាញ់រាប់អានពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវដែលមកទស្សនាក្នុងប្រទេសរបស់យើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា៖ «កុំធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដែលចំណាយលុយរាប់រយលានដុល្លារ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការចំណាយចុងក្រោយ ១១៨លានដុល្លារអាម៉េរិក សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ នឹងក្លាយទៅជាអាសារបង់ ថែមទាំងខូចឈ្មោះប្រទេសជាតិទៀតផង ដោយសារតែការប្រកួតគ្មានសណ្ដាប់ធ្នាប់ ពីសំណាក់ម្ចាស់ផ្ទះ ឥរិយាបថរបស់ម្ចាស់ផ្ទះ អ្នកគាំទ្ររបស់ម្ចាស់ផ្ទះ នេះជារឿងគួរឱ្យសោកស្ដាយ»។ ដែលសម្ដេចតេជោថ្លែងនូវក្ដីសង្ឃឹមថា នឹងមិនមានរឿងបែបនេះកើតឡើងទេ៕
ប្រភព៖ ក្រសួងព័ត៌មាន