ភ្នំពេញ៖ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីថ្លែងអំណរគុណសម្តេច ដែលបង្ហាញឆន្ទៈ ក្នុងការជួយសម្រួល ដល់ការហោះហើរ ផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិក មនុស្សធម៌ និងបុគ្គលិកសុខាភិបាល របស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះ បំផុតដោយសារជំងឺកូវីដ១៩។
យោងតាមលិខិត ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកអគ្គលេខា ធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩ ជាសកល រួមទាំងជួយសម្រួល ដល់ការធ្វើដំណើរ របស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះ មានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ក៏ដូចជាធានានូវការបន្ត ប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះជីវិត នៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុត នៅលើពិភពលោក»។
លោកបន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ជាពិសេសដល់ រាជរដ្ឋាភិបាលរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការជួយសម្រួល ដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាត ឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។ ក្នុងដំណើរឆ្ពោះទៅមុខ ប្រការនេះមានសារសំខាន់ណាស់ ក្នុងការរក្សា ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការក្នុងអំឡុង ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិមនុស្សធម៌ដទៃទៀត ដើម្បីអនុញ្ញាតជួយសម្រួល និងពនឿនការបន្តធ្វើដំណើរ របស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូន សម្ភារបរិក្ខា តាមរយៈជើង ហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ»។
លិខិតដដែលបន្តថា «សហគមន៍មនុស្សធម៌ កំពុងបន្តបង្កើនការឆ្លើយតប របស់ខ្លួន ចំពោះផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរនៃជំងឺកូវដ១៩។ ដូចដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌ សកលលោកប្រឆាំងជំងឺកូវីដ១៩” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះអាចឱ្យ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនផ្តល់ នូវជំនួយផ្នែកសុខភាព និងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ ៦៣ ប្រទេស ដែលប្រឈមមុខនឹង វិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។ តាមរយៈកិច្ចសហការរួមគ្នា ជាមួយអគ្គនាយក នៃអង្គការសុខភាពពិភពលោក ខ្ញុំបានបង្កើតក្រុមការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងបរិបទជំងឺកូវីដ១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការ សុខភាពពិភពលោក និងអង្គការស្បៀងអាហារ ពិភពលោក ជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ១៩»។
លោកបន្តថា «ខ្ញុំមានសេចក្ដីរីករាយ ដោយបានដឹងថា ព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយ អង្គការសុខភាពពិភពលោក និងអង្គការស្បៀង អាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិរីករាយ បន្តធ្វើការជាមួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាលំបាកដែល ពុំធ្លាប់មាននេះ។ មានតែតាមរយៈ ការធ្វើការរួមគ្នាប៉ុណ្ណោះ ដែលអាចឱ្យយើងធ្វើការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ការពារជនងាយរងគ្រោះបំផុត និងកម្លាំងសង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ដែលការពារសុខភាព និងសុខុមាលភាព របស់មនុស្សទាំងអស់ និងភពផែនដី» ៕
ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖