នាយករដ្ឋមន្ត្រី ដាស់តឿនឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រកាន់ភ្ជាប់អនាម័យជានិច្ច ដើម្បីទប់ស្កាត់កូវីដ១៩ (Video)

0

ភ្នំពេញ៖ ស្របពេលដែលសាលារៀន មួយចំនួនបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការ ការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការ ការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀន សិស្សដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល» ។

សម្ដេចក៏បានថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល​ ។

សូមរំលឹកថា យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សា ប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

លើសពីនេះគ្រឹះស្ថានសិក្សាមួយចំនួន បានបើកដំណើរការឡើងវិញ ដំណាក់កាលទី២ នៅថ្ងៃទី៧ កញ្ញា ហើយសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕