ភ្នំពេញ៖ នៅព្រឹកនេះលោកស្រី តាត គឹមលន ត្រូវជាភរិយាលោកគង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ បានធ្វើមាតុភូមិនិវត្តន៍ មកកាន់ទឹកដីកម្ពុជា ដោយត្រៀមដោះស្រាយឯកសារផ្លូវច្បាប់រវាងនាយចឺម និងសាន់ដេ ដែលយកបទប្តីរបស់អ្នកស្រីមកច្រៀងកែទំនុកស្រែកអាឡេអាឡូ ផ្អើលពេញសកលលោក ដោយលើកការស្នើសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ដើម្បីដោះស្រាយ។
ក្រោយនាយចឺម បានចេញបទ «អូនជាអ្នកមាន សមអ្នកមានដូចគ្នា» ដោយបទដើម «នឹកភូមិភ្នំធំ» ដែលច្រៀងដោយ លោក យាយ រស់ សិរីសុទ្ធា ដោយកែទំនុកច្រៀង និងកាលៃភ្លេងពីម្ចាស់ដើមនោះ ក៏ត្រូវគ្រួសាររបស់លោក គង្គ ប៊ុនឈឿន ប្រតិកម្មយ៉ាងខ្លាំងជុំវិញបញ្ហានេះ ។ បើតាមប្រភពបញ្ជាក់ថា ក្រោយការប្រតិកម្មនេះ សាន់ដេក៏សុំសម្រួលផងដែរ ប៉ុន្តែអាស្រ័យទៅលើ អ្នកស្រី តាត គឹមលន នឹងកូនៗ កវិម្ចាស់ស្ទឹងសង្កែជាអ្នកសម្រេច ។
ឆ្លើយឆ្លងជាមួយ OBN Asia នៅព្រឹកមិញនេះ លោក មុត ថារី ដែលជាអ្នកដឹកនាំរឿងជើងចាស់ ត្រូវជាកូនប្រសាររបស់អ្នកស្រី តាត គឹមលន បានបញ្ជាក់ថា ម្តាយក្មេករបស់លោក មកកាន់ទឹកដីកម្ពុជាដើម្បីមកលេងផង ហើយទី២ ដោះស្រាយរឿងរ៉ាវបទចម្រៀងដែលត្រូវបាននាយចឺម និងសាន់ដេ យកទៅច្រៀង ។
លោកបន្តថា គាត់មកកម្ពុជាវិញ មិនមែនតែរឿងមួយនេះនោះទេ គឺដោះស្រាយនូវបទចម្រៀងជាច្រើនទៀត ដែលគេយកបទប្តីគាត់ទៅថតជាច្រើន ដោយចម្រៀងទាំងនោះមានកម្មសិទ្ធបញ្ញា ហើយយកទៅច្រៀងឡើងវិញ ដោយមិនមែនច្រៀងធម្មតានោះទេ គឺយកធ្វើអាជីវកម្មតែម្តង ដោយគ្មានការអនុញ្ញាតិ ។ លោកបន្ថែមថា គាត់ (តាត គឹមលន) បានជជែកជាមួយក្រសួងពាក់ព័ន្ធរួចហើយ ហើយបើសង្កត់ធ្ងន់ទៅគឺ គាត់មកដោះស្រាយរឿងគេយកបទទៅស្រែកច្រៀងអាឡេអាឡូ និងកែបទភ្លេង ប៉ុន្តែលោកថាពាក់ព័ន្ធនឹងផលិតកម្មណាទៀតលោក មិនទាន់ដឹងនោះទេ ។ ទោះជាយ៉ាងណាលោក មុត ថារី ថាការមកដល់នេះ មិនមែនទៅរករឿងអីឲ្យវែងឆ្ងាយនោះទេ គ្រាន់តែសុំឲ្យក្រសួង ដោះស្រាយជូន ។
លោក មុត ថារី ក៏បានស្នើសុំថា ក្នុងនាមខ្លួនលោកផ្ទាល់ក៏សូមឲ្យក្រសួងមិនត្រឹមតែជួយដោះស្រាយលើរឿងម្តាយក្មេកលោកនោះទេ តែត្រូវលើក ពីបញ្ហាអ្នកផ្សេងទៀត ដែលមានបទជាច្រើន អត់មានអ្នកស្នង ក៏ត្រូវបានគេយកទៅស្រែកអាឡេអាឡូ កែទំនុក និងបទភ្លេង អ៊ីចឹងត្រូវរកដំណោះ ស្រាយជូនគ្នាផង ខាងនាយកដ្ឋានរក្សាកម្មសិទ្ធបញ្ញា ៕
ចុចទីនេះដើម្បីមើលប្រវត្តិរឿង ៖ គ្រួសារគង្គ ប៊ុនឈឿន ត្រៀមប្រឹងនាយចឺម និង សាន់ដេ