ភ្នំពេញ៖ លោកគ្រូ ស៊ុំ សារឿន ដែលជាអ្នកនិពន្ធបទចម្រៀង ដ៏ល្បីឈ្មោះប្រចាំហង្សមាស បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ឧសភានេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា «ខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹង ដ៏សោកសង្រេង ចំពោះការបាត់បង់ លោក គ្រូ ស៊ុំ សារឿន ដែលជាធនធានសិល្បៈ ដ៏មានទេពកោសល្យទាំងការច្រៀង និងនិពន្ធ» ។

អ្នកនាងបន្តថា «លោកគ្រូ បានទទួលមរណភាព ឃ្លាតចាកចោលយើងទាំងអស់គ្នា ហើយនៅវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕
