ភ្នំពេញ៖ គ្រួសាររបស់តារាកំប្លែងវ័យចំណាស់នាយ ស្មាញ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ ២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិទួលរកា០១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតមកទល់ពេលនេះ នៅមិនទាន់មានពន្លឺយុត្តិធម៌នៅឡើយទេ។ ខណៈដែលមុននេះក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានចូលទៅបំភ្លឺនៅតុលាការរួចរាល់ហើយនោះ។
ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានបញ្ជាក់បែបនេះថា កាលពីម្សិលមិញ (រសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០) ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ តំណាងឲ្យជនរងគ្រោះភរិយាសពនាយស្មាញ បានចូលបំភ្លឺ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍របួសជើងធ្ងន់ធ្ងរ និងបណ្ដាលឲ្យស្លាប់ស្វាមី ដែលមិនទាន់បានទទួលយុត្តិធម៌នៅឡើយ។
លោក ហេង ឡុង បានបន្ថែមទៀតថា សមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន សម្រាប់ជួយការពារក្តីជូនស្ត្រីរងគ្រោះក្រីក្រ ឲ្យមានឱកាស ទទួលបានយុត្តិធម៌ ដូចអ្នកដែលមានលទ្ធភាព ពឹងពាក់មេធាវីដទៃទៀតដែរ។
សូមបញ្ជាក់ដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីអំឡុងចុងខែធ្នូ នាបំណាច់ឆ្នាំ២០១៩ ដែលបង្កឡើងដោយរថយន្តធន់ធំ បុកជាមួយម៉ូតូនាយ ស្មាញ នោះគឺបណ្តាលឲ្យនាយ ស្មាញ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈដែលភរិយារបស់គាត់ ក៏បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យផងនោះ៕
អត្ថបទ៖ តារារស្មី