ភ្នំពេញ៖ លោកស្រី មុំ ចាន់ដានី និងលោក ជិន ប៊ុនធឿន អញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ជូនតារាកំប្លែងនាយឆាង រស់នៅសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
នាយឆាង មានឈ្មោះពិត ជន់ ឆាន អាយុ ២៣ឆ្នាំ ទម្ងន់២១០គីឡូក្រាម មានស្រុក កំណើតនៅឃុំពាមរក៍ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សព្វថ្ងៃរូបលោករស់នៅជា មួយម្តាយបង្កើត ឈ្មោះ ជន់ ញ៉ាញ់ អាយុ៦៥ឆ្នាំ មុខរបររើសនិងទិញអេតចាយ ឪពុកស្លាប់ និងមានបងប្អូនចំនួន០៥នាក់ ហើយមុនទទួលបានផ្ទះនេះ នាយឆាង និងម្តាយ សុំដីគេស្នាក់នៅបណ្តោះអាសន្នមួយកន្លែងក្រោយវត្តពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ។
នាឱកាសនោះ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាទូទៅជា ពិសេស ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏សូមឱ្យអ្នកមីងជាម្តាយ ក៏ដូចជាប្អូនប្រុសផ្ទាល់ បន្តយកចិត្តទុកដាក់ខិតខំមើលថែ និងព្យាបាលជំងឺ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ។ ពាក់ព័ន្ធនឹងផ្ទះនេះដែរ សម្រាប់រាល់ការតបណ្តាញទឹក និងភ្លើងអគ្គិសនីប្រើប្រាស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ជួយដោះស្រាយរ៉ាប់រងទាំងស្រុង ។
អ្នកមីងជន់ ញ៉ាញ់ ជាម្តាយនាយឆាង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ទីជម្រកសមរម្យដល់ក្រុមគ្រួសារអ្នកមីង និងសូមសន្យាថែរក្សាផ្ទះនេះ ឱ្យបានស្អាតគង់វង្ស ព្រមទាំងសូមគោរពជូនពរ សម្តេចទាំងពីរ និងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក៏បាននាំយក អំណោយមនុស្សធម៌មកផ្តល់ជូននាយឆាង រួមមាន៖ អង្ករ អាហារបំប៉ន ទឹកបរិសុទ្ធ សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន២លានរៀល៕