ប្រធានក្លិបអ្នកកាសែតកម្ពុជាអំពាវនាវដល់អ្នកសារព័ត៌មាន ខណៈទទួលបានបណ្តឹង

0

ភ្នំពេញ៖ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថាបញ្ហាអ្នកសារព័ត៍មានមានបណ្តឹង ឬត្រូវបានគេដកអាជ្ញាប័ណ្ណ គឺដោយសារតែអ្នកសារព័ត៌មាននោះនៅមិនទាន់បានយល់ច្បាស់អំពីតួនាទីនិងភារកិច្ចរបស់ខ្លួន។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៉ិនធើណេតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៩កក្កដា. លោកពុយគា បានលើកឡើងថា «ខ្ញុំក៏ចង់ឆ្លៀតឱកាសនេះអំពាវនាវដល់អ្នកសារព័ត៌មានយើងទាំងអស់គឺត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនហើយព្យាយាមអាន ព្យាយាមប្រតិបត្តិតាមវិជ្ជាជីវៈនិងក្រមសីលធម៌។បើមិនដូចនេះទេ វាធ្វើឱ្យមានបញ្ហា។កាលណាមានការប្ដឹងផ្ដល់មានការដកអាជ្ញាបណ្ណជាមូលហេតុ

នាំអោយមានការវាយតម្លៃសេរីភាពសារព័ត៌មាន ដែលគេមើលពីក្រៅមកគឺថាវាធ្លាក់ចុះនោះ»។

ទន្ទឹមនេះ ប្រធានក្លិបអ្នកកាសែតកម្ពុជាបានណែនាំចំពោះអ្នកសារព័ត៌មានគួរតែកាត់បន្ថយផងដែរ ចំពោះការអត្ថាធិប្បាយលើរឿងមួយៗ។ប៉ុន្តែផ្ទុយទៅវិញគាត់អាចយកមតិផ្ទុយ ស្រង់ផ្ទុយពីប្រជាពលរដ្ឋ ពីអ្នកតាមដានសង្គម ពីអ្នកដែលពាក់ព័ន្ធនៅក្នុងសាច់រឿងនៅក្នុងន័យដែលរិះគន់ គឺអ្វីដែលគាត់យល់ឃើញជាជ្រុងរបស់អ្នកដែលពាក់ព័ន្ធពីការងារនោះ ក្នុងន័យរិះគន់ ដើម្បីស្ថាបនា ជាជាងរិះគន់ ដើម្បីជាន់ពន្លិច។

លោកពុយគា បានបង្ហាញអំពីភារកិច្ចរបស់អ្នកសារព័ត៌មានថា ៖ «យើងអ្នកសារព័ត៌មានជាទូទៅគឺគ្រាន់តែជាអ្នកពាំនាំនូវពាក្យពេចន៍ដើមរបស់ភាគីឬក៏អ្នកដែលពាក់ព័ន្ធទាំងអស់នោះតែប៉ុណ្ណោះ។ប៉ុន្តែកាលណាយើងអត្ថាធិប្បាយច្រើនពេកវាបាត់បង់នូវអាជីពរបស់យើង វិជ្ជាជីវៈរបស់យើងហើយ។

ប៉ុន្តែនិយាយនេះ មិនមែនមានន័យថាអ្នកសារព័ត៍មានមិនអាចធ្វើអត្ថាធិប្បាយបានទេយើងអាចធ្វើបាននៅក្នុងករណីវិភាគក្នុងនាទីព័ត៌មានវិភាគផ្សេងមួយទៀត។ដូចនេះ យើងកុំអោយច្រលូកច្រឡំគ្នាទាក់ទងនឹងព័ត៌មានធម្មតាហើយនិងព័ត៌មានបែបវិភាគហើយនិងការបញ្ចេញមតិ»។

ទាក់ទងមូលហេតុដែលនាំអោយមានពាក្យបណ្តឹងចំពោះអ្នកសារព័ត៌មាននិងការដកអាជ្ញាប័ណ្ណវិញ លោកពុយគាបានលើកឡើងថា ជាធម្មតានៅក្នុងប្រទេសមួយៗ ជាពិសេសនៅក្នុងប្រទេសប្រជាធិបតេយ្យដោយសារសេរីភាពនៅក្នុង ការបញ្ចេញមតិនិងអ្នកសារព័ត៌មានពេលខ្លះគាត់ទៅដើរជ្រុលដើរហួសពីវិជ្ជាជីវៈនិងក្រមសីលធម៌ដែលធ្វើអោយគាត់ត្រូវជួបប្រទះនូវបញ្ហា។ ហើយពេលខ្លះវាមាន៣ កត្តា។

កត្តាទី ១ ដោយគាត់មិនបានស្វែងយល់ឲ្យបានត្រឹមត្រូវតើវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មានមានអ្វីខ្លះ?

ហើយទីពីរគាត់ក៏បានដឹងហើយតែដូចជាមិនបានអនុវត្តដិតដល់ហើយពេលខ្លះទៀតគាត់ធ្វែសប្រហែលនៅក្នុងការងារដូចនេះបានជាថ្លោះធ្លោយទៅដល់មានបញ្ហាខ្លះដែលជួបប្រទះនូវពាក្យបណ្ដឹង ជួបប្រឈមនូវបញ្ហាផ្លូវច្បាប់។

ការកើតឡើងរឿងនេះឡើង គឺយើងអ្នកសារព័ត៌មានយើងអាចជាអ្នកបង្កបញ្ហានេះឡើងដែរ។

ដូចនេះ យើងត្រូវពង្រឹងខ្លួនឯងទីមួយនិងទីពីរខ្ញុំក៏ចេះតែចង់បានអ្នកសារព័ត៌មានយើងបន្តបេសកកម្មរបស់យើង អនុវត្តសេរីភាព

សុំអោយបន្តបើកទូលាយដូចនេះ ដើម្បីអោយគាត់ជួយសរសេររិះគន់ស្ថាបនា. រិះគន់ក្នុងន័យស្ថាបនាមែនរិះគន់ដើម្បីជាន់ពន្លិចទេ។

សូមបញ្ជាក់ថា ការអំពាវនាវខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានចេញរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ដោយទម្លាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈមានអ្នកសារព័ត៌មានជាប់បណ្តឹងនិងអាជ្ញាប័ណ្ណត្រូវបានគេដកហូត៕