កំពត៖ តំបន់ទឹកឈូបានបង្កើតជារីស្សត សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើននៅអមសងខាងដងព្រែក ដើម្បីបំពេញតម្រូវការនៃកំណើនភ្ញៀវទេសចរ ដែលបានចូលទៅសម្រាក និងថតរូបលេងកម្សាន្តជាហូរហែ ខណៈតំបន់នោះមានទឹកធ្លាក់លើថ្ម មានទេសភាពស្រស់បំព្រង ជាពិសេសមានកន្លែងស្នាក់នៅយ៉ាងស្រស់ ស្អាត ដែលធ្វើឱ្យភ្ញៀវទៅលេងកម្សាន្តអាចបំបាត់អស់នូវរាល់ទុក្ខកង្វល់។
លោកស្រី កៅ ពិសាល ម្ចាស់ផ្ទះលម្ហែកាយមួយកន្លែង ក្នុងស្រុកទឹកឈូបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន ទាំងរមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានកែច្នៃ ដែលជាសក្ដានុពលទេសចរណ៍ប្រចាំតំបន់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។លោកស្រីបន្តថា ដោយសារតែវិស័យទេសចរណ៍នៅក្នុងប្រទេសកាន់តែមានការរីកចម្រើនឡើង ណាមួយ លោកស្រីឃើញទេសភាព នៅក្នុងស្រុកទឹកឈូមានភាពស្រស់ស្អាត ទើបសម្រេចចិត្តបង្កើតជាផ្ទះ លម្ហែកាយ ដើម្បីទទួលភ្ញៀវទេសចរមកស្នាក់នៅលេងកម្សាន្ត។ លោកស្រីបន្ថែមថា តំបន់តំបន់ទឹកឈូនេះ មានទេសភាពខៀវស្រងាត់ លាយឡំនិងសំឡេងសត្វយំ មានផ្កាចម្រុះពណ៌ស្លឹកឈើពណ៌បៃតង គួរឲ្យ គយគន់ ជាពិសេសគឺមានទឹកជ្រោះធ្លាក់ពីលើថ្មសាយភាយយ៉ាងត្រជាក់ និងមានការរៀបចំកន្លែងស្នាក់នៅ យ៉ាងមានផាសុខភាព។ ទាំងអស់នោះសុទ្ធសឹងតែជាសក្ដានុពលដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ទៅលេងជាហូរហែ ។លោកស្រីបានបញ្ជាក់ថា ផ្ទះលម្ហែកាយនេះ ជាផ្ទះលម្ហែកាយបែបឯកជន ជាលក្ខណៈ គ្រួសារ មានសុវត្ថិភាព មិនមានភាពរញ៉េរញ៉ៃ ពេលដែលស្នាក់នៅគឺមានអារម្មណ៏ថា ជាផ្ទះរបស់ខ្លួនឯង។
«ទីនេះគឺផ្ដោតសំខាន់ជាងគេទៅលើទេសភាព ទេសភាពកម្រ ភ្ញៀវគ្រប់គ្នាចូលចិត្តទៅលេង កម្សាន្ត ពេលដែលគាត់មកទីនេះគឺគាត់មានអារម្មណ៍ថាដូចនៅផ្ទះខ្លួនគាត់ ដូចគាត់ធ្វើផ្ទះខ្លួនគាត់ទុក សម្រាប់លម្ហែ ខ្ញុំផ្ដល់ឱ្យគាត់គ្រប់យ៉ាងដូចដែលគាត់ចង់បាន ដូចដែលគាត់មានអារម្មណ៍ថា គាត់មានផ្ទះ ខ្លួនឯងសម្រាប់លម្ហែកាយ ដូច្នេះពេលដែលគាត់ទៅលេងគាត់អាចចូលឡានខ្លួនឯងរៀបចំខ្លួនឯង បានទាំងអស់ធ្វើម្ហូបខ្លួនឯង លើកលែងតែសម្ភារៈមួយចំនួនគឺថា មានអ្នកនៅទីនោះជាអ្នករៀបចំទុកដាក់ឲ្យ ហើយយើងមានអ្នកស្នាក់នៅម្នាក់សម្រាប់ឲ្យគាត់ជួយរៀបចំ»។
សូមបញ្ជាក់ថា ទឹកឈូផ្ទះលម្ហែកាយ របស់លោកស្រីកៅ ពិសាល មានទីតាំងនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ហើយដែលមានផ្ទះលម្ហែកាយដែលអាចស្នាក់នៅបាន ចំនួន១២នាក់ និង មានកន្លែងស្នាក់នៅសម្រាប់២១នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន