ភ្នំពេញ៖ ការដាំដំណាំថ្នាំជក់បានបង្កឱ្យមានហានិភ័យជាច្រើនដល់សន្តិសុខស្បៀង សុខភាពអ្នកដាំអ្នកប្រើប្រាស់ ធ្វើឱ្យកសិករលង់ខ្លួនជំពាក់បំណុលធនាគារជាដើម។ ដូច្នេះអង្គការសុខភាពពិភពលោកនិងអ្នកជំនាញនៅកម្ពុជាបានលើក ទឹកចិត្តដល់កសិករកុំប្រថុយដាំ ដំណាំថ្នាំជក់ ហើយត្រូវដាំដំណាំណាដែលជាដំណាំអាហារប្រកប ដោយនិរន្តរភាពវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣បាន ឱ្យដឹងថា ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិត ផលថ្នាំជក់មកលើសុខភាព សេដ្ឋ កិច្ចបរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ព្រមទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឱ្យដំណាំថ្នាំជក់។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ថ្នាំជក់ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃ ឈាម និងបេះដូង ជំងឺសួត ប៉ះ ពាល់ដល់សរីរាង្គទាំងអស់ និងប៉ះ ពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ឯកឧត្តមបានបន្តថា សន្លឹកថ្នាំជក់ស្រស់ក៏មានសារជាតិ នីកូទីន និងជាតិជ័រ ដែលអាចប៉ះពាល់សុខភាពកសិករ ដូចជា ក្អួតចង្អោរ វិលមុខ ឈឺក្បាល បែកញើស ញាក់ ឈឺពោះ រាគ ខ្សោយ ពិបាកដកដង្ហើម និងជំងឺច្រើនទៀត។ កសិករថ្នាំជក់ត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃទៅនឹងកំទេចកំទីថ្នាំជក់ និងថ្នាំពុលគីមីផ្សេងទៀត។ ការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំជក់អាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០បារីដើមជារៀងរាល់ថ្ងៃ។ លើសពីនេះ កសិករថ្នាំជក់តែងតែ
នាំយកសារធាតុគ្រោះថ្នាក់មកផ្ទះ នៅលើខ្លួនប្រាណ សម្លៀកបំពាក់ ឬស្បែកជើង ដែលនាំឱ្យមានគ្រោះ ថ្នាក់សម្រាប់គ្រួសាររបស់ពួកគេជាពិសេសកុមារ។ ទន្ទឹមនឹងនេះ ការដាំដុះថ្នាំជក់ទាមទារការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លាំង និងជីយ៉ាងច្រើន ដែលរួមចំណែកដល់ការរេចរឹលដី។ សារធាតុគីមីចូលទៅក្នុងបរិយា កាស ក្នុងទឹក បំពុលបឹង ទន្លេ និងទឹកផឹក។ ដីដែលប្រើសម្រាប់ដាំថ្នាំជក់ មានជីជាតិថយចុះដែលធ្វើ ឱ្យការដាំដំណាំអាហារផ្សេងទៀតមានផលទាប។ ដូច្នេះអង្គការសុខ ភាពពិភពលោកលើកទឹកចិត្តរដ្ឋភាគីផ្លាស់ប្ដូរពីដំណាំថ្នាំជក់មកដំណាំជាអាហារវិញ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខ ភាពកម្ពុជាបានឱ្យដឹងថា ការដាំដុះថ្នាំជក់បានប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ បង្កជាអសន្តិសុខស្បៀង ហើយថែមទាំង ផ្តល់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់កសិករដាំថ្នាំជក់ខ្នាតតូចផងដែរ។ «ដំណាំថ្នាំជក់គឺជាដំណាំមួយដែលប្រើប្រាស់ជីគីមីយ៉ាង ច្រើន អ៊ីចឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកដាំ ខូចដីនៅជុំវិញ។ បើតាមការស្រាវជ្រាវ ការដាំដំណាំថ្នាំជក់ ក៏បង្កឱ្យមានការប្រើប្រាស់កម្លាំងកុមារ ព្រោះមនុស្សពេញវ័យមិនសូវធ្វើការងារនេះទេ ដោយសារតម្លៃពលកម្មថោក ។ ដំណាំថ្នាំជក់មិនបានផលដូចដំណាំដទៃទៀតទេ នេះគឺតាមការបោះពុម្ពផ្សាយរបស់អង្គការសុខភាពពិភពលោក។ ការដាំថ្នាំជក់ធ្វើឱ្យកសិករលង់នឹងបំណុលធនាគារ ហើយបើដាំច្រើនលក់មិនចេញ ហើយហូបក៏មិនកើត។ » ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធដែលជា សមាជិកគណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេស ចរណ៍ជាដើម និងបានសហការជា មួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញការអនុវត្តច្បាប់ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត អនុវត្ត ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ជំរុញការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់ដើម្បី បង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិត ផលថ្នាំជក់នៅប្រទេសកម្ពុជាមាន ការថយចុះអត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ២០២១ និង អត្រាប្រេវ៉ាឡង់ការជក់បារី ក៏មាន ការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ២០២១។ អត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ១៣-១៥ ឆ្នាំឡើងមានការថយចុះពី៦.៣% ក្នុងឆ្នាំ២០១០ មកត្រឹម ២.៤% ក្នុងឆ្នាំ២០១៦។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិ ការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យ ផលិត ផលថ្នាំជក់ឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ យុវជន យុវនារីគ្រប់រូប កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ទោះជាក្នុងទម្រង់ណា ក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន