ភ្នំពេញ៖ គម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ (The Wonders of the Mekong) គាំទ្រមូលនិធិ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) បង្ហាញតម្រុយថា នឹង អាចការពារបាននូវប្រភេទត្រីយក្សជិតផុតពូជនេះ ព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ។ ការរកឃើញត្រីបបែលយក្សទឹកសាបដ៏ធំមានទម្ងន់ ៣០០ គីឡូក្រាម ឬ ៦៦១ផោន កាល ពីឆ្នាំមុននៅក្នុងទន្លេមេគង្គ បានចាប់ផ្តួចផ្តើមគំនិតថ្មីមួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសិក្សាឈ្វេងយល់ និងការពារសត្វអាថ៌កំបាំងដ៏ធំបំផុតមួយនេះនៅលើភពផែន ដី យើង។
អ្នកវិទ្យាសាស្ត្របានប្រសិទ្ធនាមត្រីបបែលយក្សនេះថា “បូណ៌មី” ដែលមានន័យថា “ព្រះចន្ទពេញវង់/បូណ៌មី” ។ ក្នុងរយៈពេល ១២ខែមកនេះ ក្នុងកិច្ចសហការជាមួយរដ្ឋបាល ជលផល ក្រុមអ្នកវិទ្យាសាស្ត្របាននិងកំពុងតាមដានសត្វបបែលដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកមួយនេះ។ បន្ទាប់ពីគេចាប់វាបានក្នុងខែ មិថុនា ឆ្នាំ២០២២ បូណ៌មី ត្រូវបានគេបំពាក់ស្លាកបញ្ជូនសំឡេង (acoustic tag) មុនពេលដោះលែងទៅ ក្នុង ទន្លេវិញ។
យោងតាមទិន្នន័យដែលគេប្រមូលបានបង្ហាញថា ទោះបីជាវាមានទំហំខ្លួនដ៏ធំអស្ចារ្យ ប៉ុន្តែជម្រករបស់សត្វបបែលយក្សញីនេះមានទំហំតូចនៅឡើយស្ថិតនៅអន្លង់ នៃទន្លេមេគង្គភូមិភាគឦសាននៃប្រទេសកម្ពុជា ពោរពេញដោយជីវៈចម្រុះ តែស្ថិតក្រោមការគំរាមកំហែង ។ អ្នកវិទ្យាសាស្ត្រដឹងតិចតួចបំផុតអំពីបបែលយក្សទឹកសាបនេះ ខណៈពេលដែលចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងគំហុកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងខែនេះ ការសិក្សាស្រាវជ្រាវដែលទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID នឹងបោះពុម្ពផ្សាយ និងចែករំលែកនូវលទ្ធផលប្រកបដោយគុណតម្លៃទាំងនេះ។
អ្នកស្រី ឃែរី ភែលស៍មេន នាយិការបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID មានប្រសាសន៍ថា ទន្លេមេគង្គដែលហូរកាត់ប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ី គឺជាជង្រុកនៃជីវៈចម្រុះរបស់សាកលលោក និងជាជម្រករបស់ត្រីប្រមាណជិត ១ ០០០ ប្រភេទ ដោយរួមទាំងបបែលយក្សទឹកសាបនេះផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID មានមោទកភាពណាស់ក្នុងការចូលរួមការពារអច្ឆរិយភាពទន្លេមេគង្គ និងការពារប្រភេទពូជត្រីដែលជិតផុតពូជដើម្បីជួយទ្រទ្រង់ធនធានជលផលកម្ពុជាឱ្យមានកាន់តែសម្បូរបែបដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់»។
លោកបណ្ឌិត ហ្សេប ហូហ្គេន សាស្ត្រាចារ្យជីវវិទ្យានៅសកលវិទ្យាល័យណេវ៉ាដារីណូ និងជាប្រធានដឹកនាំ ការស្រាវជ្រាវ របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ក្នុងការសិក្សានេះបានលើកឡើងថា ព័ត៌មានថ្មីអំពីត្រីបបែល និងត្រីជិតផុតពូជដទៃទៀតមានសារៈសំខាន់ចំពោះការការពារសត្វដែលជាតំណាងជាតិកម្ពុជា និងការអភិរក្សទន្លេដែលផ្តល់ ស្បៀងដល់មនុស្សរាប់លាននាក់។ លោកបណ្ឌិតបានអះអាងថា៖ «សត្វបបែលយក្សឥឡូវនេះបានក្លាយជាចំណុចស្នូល នៃការជជែកពិភាក្សាគ្នាដ៏ធំមួយអំពីជោគវាសនានៃទន្លេមេគង្គ និងថាតើធ្វើយ៉ាងណាឱ្យមានមានតុល្យភាពរវាង ការអភិវឌ្ឍអាងទន្លេជាមួយនឹងការគ្រប់គ្រងបរិស្ថាន ដើម្បីឱ្យទន្លេមេគង្គដ៏អសច្ចារ្យនេះអាចបន្តផ្គត់ផ្គង់ដល់ ប្រជាជនក្នុងតំបន់រាប់ជំនាន់តទៅមុខទៀត»។
សូមជម្រាបជូនថា អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថាសត្វបបែលយក្ស ជាសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារតែចំនួនរបស់វាបានថយចុះ រហូតដល់ ៧៩ភាគរយ ក្នុងសតវត្សចុងក្រោយនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន