ចង់​ដឹង​អត់ថា​ឆ្នាំ​ខ្លួន ត្រូវ​នឹង​ពង្ស​ទេវតា​អ្វី? ហើយ​មាន​អត្ត​ច​រិ​ក​បែប​ណា?

0

ភ្នំពេញ​៖ ឆ្នាំ​ខ្មែរ ជា​ឆ្នាំ​ដែល​បាន​បែងចែក​តាម​រយៈ​ច័ន្ទ​គតិ ដែល​ទាំងអស់​គឺ​មាន​ឆ្នាំ​ចំនួន ១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី វក រកា ច កុរ ដោយ​ក្នុង​នោះ​ឆ្នាំ​នីមួយ​ៗ គឺ​មាន​ធាតុ និង​ពង្ស​ទេវតា​ផ្សេង​ៗ​ពី​គ្នា​។ ខាងក្រោម​នេះ ជា​ធាតុ និង​ពង្ស​ទេវតា​របស់​ឆ្នាំ​ទាំង ១២៖

១. ឆ្នាំជូត ធាតុទឹក ពង្ស​ទេវតា​ប្រុស

– ជាមនុស្សមានចិត្ត​រឹង​ម៉ាំ, ប្រាជ្ញា​ឈ្លាសវៃ, មានចិត្ត​ក្លាហាន ពុះពៀរ​គ្រប់​ឧបសគ្គ, ចូល​ចិត្ត ឈឺឆ្អាល​ចេះ​ដឹង​រឿង​អ្នក​ដទៃ, មាន​មិត្ត​ភ​ក្កិ​ស្រលាញ់​រាប់អាន​ច្រើន ចេះ​បត់​បែប​តាម​កាលទេសៈ

២. ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្ស​ប្រុស

-​ ជាមនុស្សមានចិត្ត​ក្លាហាន, មានគំនិត​សន្សំ​សំចៃ, មាន​វោហា​ពិ​រោះ, មានចិត្ត​ស្រលាញ់​បងប្អូន និងចូល​ចិត្ត​ដើរ​លេង​ផ្លូវ​ឆ្ងាយ

៣. ឆ្នាំខាល ធាតុឈើ ពង្សយក្ស​ស្រី

-​ ជា​មនុស្ស​ស្មោះត្រង់ និង រហ័សរហួន ​រឹងប៉ឹង, មិនសូវ​ចូល​ចិត្ត​និយាយ​ច្រើន, មនុស្ស​មាន​គេ​ច្រណែន​ច្រើន មានចិត្ត​ឆេវឆាវ​បន្តិច និងមិន​ចូល​ចិត្ត​ដើរ​លេង​ផ្លូវ​ឆ្ងាយ

៤. ឆ្នាំថោះ ធាតុឈើ ពង្សមនុស្ស​ស្រី

-​ ជាមនុស្សមាន​សន្ដាន​ចិត្ត​ស្មោះត្រង់, ​ជា​មនុស្ស​សម្បូរ​ស្នេហ៍, ​ទន់ភ្លន់ និង សុភាព​រាបសារ, ​សម្បូរ​មនុស្ស​ស្រលាញ់ និង​ជូ​យ​យកអាសារ, ​មាន​សេចក្តី​អត់ធន់​នឹង​ការ​លំបាក និង​មាន​ច​រិ​ក​រឹងរូស​បន្តិច

៥. ឆ្នាំរោង ធាតុមាស ពង្ស​ទេវតា​ប្រុស

-​ ជាមនុស្សមាន​ប្រាជ្ញា​ឈ្លាសវៃ, មាន​គេ​គោរព​ស្រលាញ់, មនុស្ស​មាន​មនោសញ្ចេតនា​ខ្ពស់, ​មាន​ម​ហិ​ច្ច​តា​ធំ, យកចិត្តទុកដាក់​លើ​អ្នក​ជុំវិញ​ខ្លួន និងចូល​ចិត្ត​ឈឺឆ្អាល​រឿង​អ្នក​ដ៏​ទៃ

៦. ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្ស​ប្រុស

-​ ជាមនុស្សមាន​ភាព​វៃឆ្លាត, ​ពូកែ​ជួយ​យកអាសារ​គេ, ​ពូកែ​ស្រមើស្រមៃ​ច្រើន, ​មិនសូវ​រាប់អាន​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ថ្មី, ​មិន​ចូល​ចិត្ត​និយាយ​ច្រើន និង​ពូកែ​លេងសើច​ច្រើន

៧. ឆ្នាំមមី ធាតុភ្លើង ពង្ស​ទេវតា​ស្រី

– ជាមនុស្ស​មាន​ម្ចាស់​ការ​លើ​ខ្លួនឯង, ចូល​ចិត្ត​និយាយ​ទៀងត្រង់, ពូកែ​អត់ធ្មត់​នឹង​ការងារ, ​ចូល​ចិត្ត​គិត​អ្វី​ដែល​ល្អ​ៗ និងមាន​អ្នក​ស្រលាញ់​រាប់អាន​ច្រើន

៨. ឆ្នាំមមែ ធាតុមាស ពង្ស​ទេវតា​ស្រី

-​ ជាមនុស្សមានចិត្ត​ក្លាហាន, មាន​ច​រិ​ក​ស្លូតបូត​សុភាព​រាបសារ, មានចិត្ត​ឧស្សាហ៍​ព្យាយាម, ទៅ​ទីណា​ក៏​មាន​គេ​ស្រលាញ់ចូល​ចិត្តច្រើន, ពូកែ​ជួយ​យកអាសារ​អ្នក​ដទៃ និងជា​មនុស្ស​សម្បូរ​ញាតិ

៩. ឆ្នាំវក ធាតុដែក ពង្សយក្ស​ប្រុស

– ជា​មនុស្ស​ពូកែ​វោហា, ចូល​ចិត្ត​ញ៉េះញ៉ោះ លេង​ច្រើន, រហ័សរហួន រវៀសរវៃ, ​មានគំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់ និង​ទៅ​ណា​មក​ណា​មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន

១០. ឆ្នាំរកា ធាតុដែក ពង្សយក្ស​ប្រុស

– ជាមនុស្សស្មោះត្រង់, ​លឿន​រហ័សរហួន, ​ក្លាហាន មាន​ប្រាជ្ញា​ឈ្លាសវៃ, ​មិនសូវ​ចេះ​អត់ធ្មត់, ​មានចិត្ត​កក់ក្តៅ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន និង​មនុស្ស​ឆ្លាត ឆាប់​យល់​កាលទេស

១១. ឆ្នាំច ធាតុដី ពង្សយក្ស​ស្រី

-​ ជា​មនុស្ស ឆ្លាត និង ស្មោះត្រង់, ចចេស​រឹងរូស និង ពូកែ​ឆាប់​អន់ចិត្ត, មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ លើ​ការងារ, មាន​គេ​ស្រលាញ់​និង​ជួយ​យកអាសារ​ច្រើន និង​មាន​មនោសញ្ចេតនា​ខ្ពស់

១២. ឆ្នាំកុរ ធាតុទឹក ពង្សមនុស្ស​ស្រី

-​ ជាមនុស្សមាន​ច​រិ​ក​ស្មោះត្រង់ និង ទន់ភ្លន់, មានចិត្ត​សន្តោស​ប្រណី, ​សុភាព​រាបសារ គួរ​ឲ​ស្រលាញ់, ​មាន​គេ​ស្រលាញ់​ច្រើន និងជា​មនុស្ស​កក់ក្តៅ និង ពូកែ​ជួយ​យកអាសារ​អ្នក​ដទៃ៕