អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើតំរូវការដែលចាំបាច់ក្នុងការគាំទ្រ សិទ្ធមនុស្សជាមូលដ្ឋាន ក្នុងការទទួលបានអាហារ។
នៅក្នុងសារលិខិតស្តីអំពីទិវាស្បៀងអាហារពិភពលោកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក Antonio Guterres បានថ្លែងថា មនុស្សម្នាក់ក្នុងចំណោម ៩នាក់ពុំទទួលបានអាហារគ្រប់គ្រាន់ ហើយប្រជាជនចំនួន ៨២០ លាននាក់នៅបន្តស្រេកឃ្លាន ហើយភាគច្រើនសុទ្ធតែជាស្ត្រី។
លើសពីនេះទៀតមានកុមារវ័យក្មេងចំនួន ១៥៥លាននាក់ បានកង្វះអាហាររូបត្ថម្ភ ហើយជួបនូវហានិភ័យក្រិន ក្នុងជីវិតរបស់ពួកគេ។ ក្នុងសារនោះ បានលើកឡើងថា ភាពអត់ឃ្លានជាមូលហេតុនៃការស្លាប់របស់ទារកចំនួន ៥០ភាគរយ នៅទូទាំងពិភពលោក។
នៅថ្ងៃទី១៥ ខែតុលា អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ក៏បានចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីអាហារនិងកសិកម្ម ថា«សកម្មភាពរបស់យើងគឺអនាគតរបស់យើង ពិភពលោកដែលគ្មានស្បៀង និងមានគ្រប់គ្រាន់ដោយអាចធ្វើបាននៅឆ្នាំ ២០៣០»៕