បច្ចុប្បន្នកាកសំណល់កំពុងក្លាយជាប្រធានបទដ៏សំខាន់នៅជុំវិញពិភពលោក ជាពិសេសប្រភេទកាកសំណល់ផ្លាស្ទិកតែម្តង ដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងអ្នកជំនាន់ក្រោយ បូករួមទាំងការប៉ះពាល់ដល់ជីវិតរបស់សត្វគ្រប់ប្រភេទ ទាំងនៅលើគោក និងក្នុងទឹក។
សំរាមផ្លាស្ទិក ដែលត្រូវបានគេបោះចោលរាប់ឆ្នាំ នឹងបន្តសម្រាប់អ្នកជំនាន់ក្រោយ ដែលបានជះឥទ្ធិពលដល់ផែនដី និងជាទំលាប់អាក្រក់មួយសម្រាប់មនុស្សជំនាន់ក្រោយ ។ ថង់ផ្លាស្ទីកដែលអ្នកបោះចោល វានៅតែថ្មី និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះកញ្ចក់ កាន់តែធ្ងន់ធ្ងរ ។
អ្នកធ្លាប់បានគិតថា ថង់មួយ ដែលអ្នកបោះចោលវាជារឿងធម្មតា ប៉ុន្តែទំលាប់ដដែល ដែលអ្នកបានធ្វើដោយមួយថ្ងៃចោលមួយ ចុះ ៣៦៥ ថ្ងៃអ្នកចោលប៉ុន្មាន នូវប្រភេទថង់ផ្លាស្ទិកសំរាមនេះ ? នេះយើងរាប់តែមួយ ចុះសម្រាប់មនុស្ស ១០ នាក់ ២០ នាក់ និង ដល់ រាប់លាននាក់ ដែលមិនយល់ពីការទុកដាក់សំរាមតើវានឹងប្រែក្លាយទៅជាយ៉ាងណា សម្រាប់សុខភាពខ្លួន និងភពផែនដីនេះ នោះវាគឺជាចំនួនដ៏គួរឲ្យភ័យខ្លាច។
យើងត្រូវយកចិត្តទុកដាក់ទៅលើភពផែនដី មុនវាយឺតពេល ។ បង្រៀនកូនៗរបស់អ្នកឲ្យស្រលាញ់ធម្មជាតិ ដើម្បីធានាជំនាន់ក្រោយៗ ទទួលបានកេរ្តិ៍ដំណែលល្អប្រសើរ ។
ជារៀងរាល់ឆ្នាំ កាកសំណល់ផ្លាស្ទិករាប់លានតោន ត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ ទីលានចាក់សំរាម និង ការទុកដាក់កាកសំណល់ក្នុងតំបន់ មួយចំនួន ទៀតដែលមិនត្រឹមត្រូវ ។
បើយោងតាមការសិក្សាដែលចេញផ្សាយដោយ PLOS ONE កាលពីខែសីហា បានបញ្ជាក់ថា ថង់ផ្លាស្ទិកដែលត្រូវប៉ពាល់ដល់ពន្លឺព្រះអាទិត្យ វានឹងបញ្ចេញឧស្ម័ន មេតាន និងអេទីឡែន ហើយនឹងបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះកញ្ចក់ដែលបណ្តាលឲ្យ ផែនដីកាន់តែឡើងកំដៅកាន់តែធ្ងន់ធ្ងរ ៕