អ្នកលេងភ្លេងម្នាក់ផឹកស៊ីស្រវឹង ប្រើហិង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់

0

កំពង់ធំ ៖ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​បុរស​ម្នាក់​មានមុខរ​បរជា​អ្នកលេង​ភ្លេង បាន​វាយ​ទៅ​លើ​ឪពុក និង​ម្ដាយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ នៅ​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​អូរ​ធំ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៥​នេះ ជន​បង្ក​ដែល​ជា​អ្នកលេង​ភ្លេង​ឈ្មោះ រ៉េ​ត រាត្រី អាយុ​២៧​ឆ្នាំ បាន​ប្រើប្រាស់​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ឪពុក​ម្ដាយ នៅ​ពេល​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង តែ​មិន​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​នោះ​ទេ​។ ដោយឡែក ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ សេង ស​រឿ​ន អាយុ​៥៩​ឆ្នាំ ត្រូវ​របួស​ចំ​ផ្ទៃមុខ​លើ​ចិញ្ចើម​ឆ្វេង និង​ក្រោម​ភ្នែក​ឆ្វេង ខណៈ​ម្ដាយ​ឈ្មោះ ពេ​ជ សោភា អាយុ​៥៨​ឆ្នាំ រង​របួស​ក្បាល និង​ដាក់​ដៃ​ទាំង​ពីរ​។

លោកស្នងការ​បាន​អះអាង​ថា ដើមចម​ដែល​នាំ​ឲ្យ​បុរស​រូប​នេះ​ប្រើប្រាស់​ហិង្សា​លើ​ឪពុក​ម្ដាយ ដោយសារ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ហើយ​ពេល​នោះ​ម្ដាយ​ស្ដីបន្ទោស​រឿង​មក​ពី​ផឹក​ស៉ី​ស្រវឹង ទើប​ខឹង​តមាត់​ជាមួយ​ម្ដាយ​។ ពេល​នោះ​ឪពុក​បាន​ជេរ​ស្ដី​បន្ថែម និង​វាយ​មួយ​ដៃ ទើប​ធ្វើ​ឲ្យ​ជន​បង្ក​វាយ​ឪពុក​ចំ​មុខ​បណ្ដាល​ឲ្យ​ដួល ហើយ​ម្ដាយ​ស្ទុះ​ទៅ​ជួយ ស្រាប់តែ​ជន​បង្ក​វាយ​ម្ដាយ​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​បាក់ដៃ​ទាំង​ពីរ​។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្ដរាគមន៍ និង​ចាប់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​បញ្ជូន​ទៅ​ធ្វើការ​សួរនាំ​។ ដោយឡែក ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ លោក​អះអាង​ថា នៅ​ចំពោះ​មុខ​នេះ​ជន​បង្ក​សមត្ថកិច្ច​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ហេង សុផល​, លុះ​ព្រឹក​ឡើង​ក្រោយ​ថ្ងៃ​កើតហេតុ លោក​បាន​បញ្ជា​ឲ្យ​ស្នងការ​រង ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​របស់​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សួរសុខទុក្ខ​ផង​ដែរ ប៉ុន្ដែ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕