ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និងសាច់ខួរក្បាល!

0

ភ្នំពេញ៖ ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ និង​សាច់​ខួរក្បាល (Acute Subdural Haematoma) គឺជា​ការ​កកឈាម​ក្រោយ​ពី​ការ​ប៉ះទង្គិច​ក្បាល រហូត​ដល់​រយៈពេល​មួយ​អាទិត្យ​ក្រោយ​ពី​គ្រោះថ្នាក់ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ជំងឺ​ឈាមកក​ចន្លោះ​ស្រោមខួរ​ទាំងអស់ (subdural haematoma)​។

ជា​ទូទៅ​វា​កើតឡើង​បន្ទាប់​ពី​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អ្នកបើកបរ​ភាគច្រើន បើកបរ​ក្នុង​សភាព​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ ក៏​មាន​ដែរ​ការ​ធ្លាក់​ពីលើ​ទី​ខ្ពស់ ឬ​ការ​រអិល​ដួល​បោក​ក្បាល​។ យើង​ក៏​សង្កេត​ឃើញ​មាន​ជំងឺ​នេះ​លើ​មនុស្ស​ចាស់​ដែល​មាន​គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាល​តិចតួច ឬ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​រំលាយ​ឈាម​ផង​ដែរ​(Anticoagulant)​។ ជំងឺ​នេះ​ទាមទារ​ឲ្យ​អ្នកជំងឺ​ចូល​សម្រាក​ពេទ្យ​ជា​បន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នកជំងឺ​អាច​ឈាន​ទៅ​ដល់​ការ​វះកាត់ យក​ឈាមកក​នៅ​ចន្លោះ​ស្រោមខួរ​ក្បាល និង​សាច់​ខួរក្បាល​នោះ​ចេញ​ជា​បន្ទាន់​។

ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ខួរក្បាល​របស់​មនុស្ស​ខូចខាត​ភ្លាម​ៗ​ដោយសារ​យន្តការ​៣​របៀប​៖
– បណ្ដាល​មក​ពី​ការ​បែក​សរសៃ​វែ​ន ដែល​ជា​សរសៃ​នាំ​ឈាម​ចេញពី​ខួរក្បាល​ទៅ​បេះដូង
– បណ្ដាល​មក​ពី​ការ​បែក​សរសៃ​អាកទែ ដែល​ជា​អ្នក​នាំ​ឈាម​ពី​បេះដូង​ទៅ​កាន់​ខួរក្បាល
– ការ​ខូចខាត​ដល់​ជាលិកា​ខួរក្បាល បណ្ដាល​មក​ពី​ការ​ខ្ទាំ​ខួរ (Contusion) ការ​រលាក​(inflammatory response) ការ​កើន​សម្ពាធ​ក្នុង​ខួរក្បាល (increased intracranial pressure)​។ ទន្ទឹម​គ្នា​នេះ​ដែរ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅ​លើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​សរសៃឈាម​ខួរក្បាល ហើយ​ជា​លទ្ធផល វា​នឹង​ធ្វើ​អោយ​មានការ​ហើម និង​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ខួរក្បាល​របស់​មនុស្ស​យើង​ជា​បន្តបន្ទាប់​មក​ទៀត (secondary brain injury)​។

ក​) ការ​ប៉ះពាល់​៖
ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ ASH មាន​ហានិភ័យ​ខ្ពស់​រហូត​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង​ជីវិត​បាន​ចំពោះ​អ្នក​ដែល​មាន GCS(3-5)​។
អាយុ​គឺជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​ការ​វិវត្តន៍​របស់​អ្នកជំងឺ​៖
– អាយុ​ក្រោម ៤០​ឆ្នាំ​មាន​ហានិភ័យ ៣០% នៃ​ការ​ស្លាប់
– អាយុ​ចាប់ពី ៤០​ឆ្នាំទៅ ៧០​ឆ្នាំ​មាន​ហានិភ័យ ៤៨% នៃ​ការ​ស្លាប់
– ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ​មាន​ហានិភ័យ​នៃ​ការ​ស្លាប់ ៧៤%
ការ​ជា​សះស្បើយ​ពី​ជំងឺ​នេះ ត្រូវ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​ដុំ​ឈាម​តូច ឬ​ធំ ការ​មក​ដល់​មន្ទីរពេទ្យ​លឿន ឬ​ក៏​យឺត​។ ជួនកាល​អ្នកជំងឺ​ត្រូវ​ញាំញី​ដោយ​ស្លាកស្នាម​របួស​ដែល​ជា​សំណល់​របស់​ជំងឺ​នេះ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តជា​រៀង​រហូត​ក៏​មាន​ដែរ​។

ខ​) រោគ​សញ្ញា​៖
រោគ​សញ្ញា​នៃ​ជំងឺ​ឈាមកក​ស្រួច​ស្រាវ ASH អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​ការ​ប៉ះទង្គិច​ក្បាល មាន​ដូច​ជា​៖
– ការ​ឈឺក្បាល​ខ្លាំង ឬ​តិច
– ការ​ក្អួតចង្អោរ ឬ​មាន​អារម្មណ៍​មិន​ស្រណុក
– ការ​វង្វេង
– ការ​ផ្លាស់​ប្ដូរ​បុគ្គលិកលក្ខណៈ ឬ​ផ្លាស់​ប្តូរ​អារម្មណ៍​ភ្លាម​ៗ
– ទន់​ត្របកភ្នែក ងងុយ​ជាប់​រហូត
– ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ
– ការ​មើលឃើញ​ព្រិល​ៗ ឬ​បែក​រូបភាព​ជា​ពីរ
– ទន់ ឬ​ពិការ​មួយ​ចំហៀង​ខ្លួន
– ការ​បាត់បង់​ស្មារតី ឬ​សន្លប់

គ​) ការ​ព្យាបាល​៖
ការ​ព្យាបាល​អាស្រ័យ​ទៅ​លើ​ដុំ​កំណក​ឈាម ឈាម​ដែល​មាន​ទំហំ​តូច ភាគច្រើន​អាច​ព្យាបាល​ដោយ​ថ្នាំ និង​ការ​តាមដាន​។

រីឯ​ដុំ​ឈាម​ដែល​មានកំ​រាស់​ចាប់ពី​១០​មី​លី​ម៉ែត្រ ឬ​ធំ​ជាង​នេះ​សង្កត់​រុញ​វៀច​ទៅ​លើ​ខួរក្បាល​ម្ខាង​ទៀត​រួម​ជាមួយ​ស្មារតី​អ្នកជំងឺ​ថយ​ចុះ​ខ្លាំង ការ​រីក​ប្រ​ស្រី​ភ្នែក​។​ល​។ អាច​នឹង​ត្រូវ​ធ្វើការ​វះកាត់​យក​លលាដ៍ និង​ឈាមកក​ចេញ ដើម្បី​បន្ថយ​សំពាធ​ក្នុង​ខួរក្បាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ក្រោយ​ការ​វះកាត់​។

ការ​ជា​សះស្បើយ​ពី​ជំងឺ​មិន​ដូច​គ្នា​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​អ្នកជំងឺ​ត្រូវ​ចំណាយពេល​ច្រើន​ខែ ឬ​ច្រើន​ជាង​នេះ ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឲ្យ​បានជា​សះស្បើយ​មក​វិញ​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា (physiotherapists) ក្រុម​គ្រូពេទ្យ​ព្យាបាល​សំលេង (speech therapists) ផង​ដែរ​។

ចូរ​ចាំ​ថា​អ្នកជំងឺ​អាច​នឹង​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត​នូវ​សភាព​ផ្លូវ​កាយ ផ្លូវចិត្ត និង​ការ​ចង​ចាំ​របស់​គាត់​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital