ភ្នំពេញ៖ មន្ត្រីជំនាញសុខាភិបាល បានឱ្យដឹងថា គិតត្រឹមរយៈពេល ២ខែចុងក្រោយនេះ ជំងឺគ្រុនឈាមបានរកឃើញចំនួន១៣០០០ ករណី ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាននៅឡើយ ខណៈមកដល់ពេលនេះ ចំនួននៃការរកឃើញនៃករណីជំងឺគ្រុនឈាមក៏មាន ការថយចុះផងដែរ។ លោកវជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិ បាល បានឱ្យដឹងថា ត្រឹមរយៈពេល ២ខែ ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមបានរកឃើញជាង១៣០០០ ខណៈតាំងពីដើម ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែសីហា គឺមានត្រឹមតែ ១ម៉ឺនករណីប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា តួលេខជំងឺគ្រុនឈាមដែលបានរកឃើញនេះ មានចំនួនច្រើនជាងពេលកន្លងមក ក្នុងនោះក៏មានអ្នកស្លាប់បាត់បង់ជីវិត ហើយការកើនឡើងនេះ ដោយសារជំងឺ គ្រុនឈាមនេះ តែងតែមានការឆ្លងច្រើន ក្នុងរយៈពេល ៥ឬ ៦ ឆ្នាំម្តង ព្រោះវាជាវដ្តនៃជំងឺដែលឆ្លងពីមូសខ្លា។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីដែលកើនឡើងច្រើននាពេលនេះ ស្ថិត នៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។ លោកវេជ្ជបណ្ឌិត ក៏បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចូលរួមបន្ថែមទៀត ធ្វើយ៉ាងណាលុបបំបាត់នូវជំងឺគ្រុនឈាម ពិសេសប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវតែសម្អាតបរិស្ថានជុំវិញផ្ទះឱ្យស្អាត គេងក្នុងមុង និងដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងទឹកដើម្បីកុំឱ្យកើតមូសជាដើម ។ លោកវេជ្ជបណ្ឌិតក្រើនរំលឹកថា ប្រសិនបើអ្នកណាម្នាក់ក្តៅខ្លួន សូមនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ ម៉ោងទេ ហើយបើលើសពីនេះ គឺអាចពិបាកក្នុងការព្យាបាល។ សំណូមពរឱ្យប្រជាជនបន្តរស់នៅអនាម័យជុំវិញផ្ទះ និងលាងសម្អាតពាងទឹកឱ្យបានពីរឬមួយដងក្នុងមួយសប្តាហ៍ ហើយក្នុងករណីដែលមានភ្នាក់ងារមន្ត្រីសុខាភិបាល ចុះទៅត្រូវឱ្យពួកគាត់ដាក់ថ្នាំអាប៊ែត។ ដោយឡែកសំរាមសំបកកំប៉ុង ត្រឡោក ដូងស្នូល ចានដាក់ទឹកសត្វជាដើម គឺត្រូវផ្កាប់វា កុំឱ្យមានទឹកដក់ ដែលអាចកើត ទៅជាដង្កូវទឹក។ ហើយប្រសិនបើករណីសង្ស័យថានរណា ក្នុងក្រុមគ្រួសារសង្ស័យដែលកើតជំងឺគ្រុន ឈាមសូមព្យាយាមកុំព្យាបាលដោយខ្លួនឯង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ព្រោះមិនថាមនុស្សចាស់ឬកូនក្មេង ក៏អាចកើតជំងឺនេះផងដែរ។» កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិ បាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខា ភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សូមបញ្ជាក់ថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន៤ ៦៦៨ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១០ករណី ដែលមានការកើនឡើងជិត២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា៖ ក្តៅខ្លួនចាប់ពី ៣៩ ដល់៤០អង្សាសេ មុខក្រហម ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ ចង់ក្អួតរឺក្អួត ឈឺពោះ ឈឺសាច់ដុំនិងសន្លាក់ដៃជើង មានស្នាមអុចៗក្រហមលើស្បែក និងហូរ ឈាមតាមអញ្ចាញធ្មេញជា ដើម ហើយភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី៕
ប្រភព៖ ក្រសួងព័ត៌មាន