ភ្នំពេញ៖ ព័ត៌មានជាតិ ប្រតិភូសមាគមអ្នកកាសែតថៃ ចង់ចែករំលែកបទពិសោធន៍ និងចែករំលែកព័ត៌មានទៅវិញទៅមកជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយ Sophany Sokhonn ចេញផ្សាយ ថ្ងៃទី 18 ខែ តុលា ឆ្នាំ 2023 ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ប្រតិភូសមាគមអ្នកកាសែតថៃ ដឹកនាំដោយលោក Mongkol Bangprapa ប្រធានសមាគម អមដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាទីស្តីការក្រសួង ដោយផ្តោតជាសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ផ្តាស់ប្តូរដំណើរទស្សនៈកិច្ចរបស់អ្នកសារព័ត៌មានពីកម្ពុជាទៅថៃ ពីថៃមកកម្ពុជា ពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។
ប្រតិភូសមាគមអ្នកកាសែតថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្លិបអ្នកកាសែតកម្ពុជា ជាពិសេសផ្តោតលើការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ៕
ប្រភព៖ ក្រសួងព័ត៌មាន