បរទេស៖ ដើម្បីជៀសវាងការរើសអើងជាតិសាសន៍ និងការមាក់ងាយ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍កាលពីថ្ងៃចន្ទថា មេរោគជំងឺអុតស្វាត្រូវបានប្តូរឈ្មោះទៅជាជំងឺ «mpox»។
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឈ្មោះទាំងពីរ គឺជំងឺ mpox និងជំងឺអុតស្វា (monkeypox) នឹងត្រូវប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេលមួយឆ្នាំ ខណៈដែលឈ្មោះចុងក្រោយ (អុតស្វា) នឹងត្រូវបានលុបចោល។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីបុគ្គល និងប្រទេសមួយចំនួនបានលើកឡើងពីការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំជាច្រើន ហើយបានស្នើសុំឱ្យអង្គការ WHO ស្នើរសុំវិធីឆ្ពោះទៅមុខដើម្បីផ្លាស់ប្តូរឈ្មោះជំងឺនេះ។
រយៈពេលផ្លាស់ប្តូរមួយឆ្នាំនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញអំពីការភ័ន្តច្រឡំដែលបណ្តាលមកពីការផ្លាស់ប្តូរឈ្មោះ នៅចំពេលដែលមានការផ្ទុះឡើងជាសកល។ វាក៏បានផ្តល់ពេលវេលាដើម្បីបញ្ចប់ដំណើរការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់អន្តរជាតិនៃជំងឺ (ICD) និងkarធ្វើបច្ចុប្បន្នភាពសម្រាប់ការបោះពុម្ពផ្សាយរបស់អង្គការ WHO ផងដែរ។
កាលពីខែកក្កដា អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការនូវការរាតត្បាតនៃជំងឺអុតស្វានៅក្នុងប្រទេសមួយចំនួននៅខាងក្រៅតំបន់ឆ្លងតាមបែបប្រពៃណីក្នុងទ្វីបអាហ្រ្វិកថាជាគ្រាអាសន្នសម្រាប់សុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ (PHEIC) ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតដែលអាជ្ញាធរសុខភាពពិភពលោកអាចចេញបាន។
វាជាទំនួលខុសត្រូវរបស់អង្គការ WHO ក្នុងការដាក់ឈ្មោះសម្រាប់ជំងឺថ្មី និងជំងឺដែលកំពុងមានស្រាប់ តាមរយៈដំណើរការពិគ្រោះយោបល់ ដែលមានការចូលរួមពីរដ្ឋជាសមាជិករបស់អង្គការ WHO។ វាបាននិយាយថា ការពិគ្រោះយោបល់ទៅលើជំងឺអុតស្វានេះមានការចូលរួមពីតំណាងអាជ្ញាធររដ្ឋាភិបាលនៃប្រទេសចំនួន ៤៥ផ្សេងៗគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន