ប្រធានាធិបតីបារាំង នឹងទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក

0

បរទេស៖ កាសែតប៉ូលីទីកូបានរាយការណ៍ដោយដកស្រង់ប្រភពមួយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះនឹងក្លាយជាឱកាសចុងក្រោយរបស់អឺរ៉ុបក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឱ្យបន្ធូរបន្ថយច្បាប់ដែលគេស្គាល់ថាជាច្បាប់កាត់បន្ថយអតិផរណា និងដើម្បីជៀសវាងសង្រ្គាមពាណិជ្ជកម្ម។

ប្រធានាធិបតីបារាំងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេលប្រាំថ្ងៃនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ។ ជំនួបរវាងលោក ម៉ាក្រុន និងលោក បៃដិន គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១ ខែធ្នូ។

កាសែតនោះបានរាយការណ៍ថា លោក ម៉ាក្រុន ចង់ដឹងថា តើលោក បៃដិន អាចផ្តល់ជូននូវឧស្ម័នដែលមានតម្លៃថោកជាងមុន និងផ្តល់ឱ្យអឺរ៉ុបនូវលទ្ធភាពទទួលបានគម្រោងឧបត្ថម្ភធនឧស្សាហកម្មបៃតងដែលមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិកឬក៏យ៉ាងណានោះ ហើយប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិកមិនព្រមធ្វើសម្បទានទៅលើច្បាប់អតិផរណារបស់សហរដ្ឋអាមេរិកទេនោះ សង្គ្រាមពាណិជ្ជកម្មឆ្លងកាត់អាត្លង់ទិកនឹងកើតមានទោះតិចឬច្រើនដោយជៀសមិនរួច»។

ការរាយការណ៍នោះបាននិយាយថា សហភាពអឺរ៉ុបជឿជាក់ថា សហរដ្ឋអាមេរិកគួរតែបង្ហាញពីសាមគ្គីភាពកាន់តែខ្លាំងជាមួយអឺរ៉ុប ដែលពេលនេះកំពុងទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា របកគំហើញដ៏សំខាន់មួយសម្រាប់លោក ម៉ាក្រុន គឺថាសម្ព័ន្ធមិត្តអឺរ៉ុបអាចទទួលបានសិទ្ធិដូចគ្នានៅក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភធនក្រោមច្បាប់កាត់បន្ថយអតិផរណា ដូចទៅនឹងបណ្តាក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកូផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន