វៀតណាម​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ១ ៣៧៧​នាក់​កាលពី​ថ្ងៃ​ចន្ទ

0

បរទេស​៖ យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​វៀតណាម​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​កត់ត្រា​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ១ ៣៧៧​នាក់​កាលពី​ថ្ងៃ​ចន្ទ ដែល​មានការ​ថយ​ចុះ​ចំនួន ១០១​នាក់​បើ​ធៀប​ទៅ​នឹង​ចំនួន​ឆ្លង​កាលពី​ថ្ងៃអាទិត្យ​។

ករណី​ឆ្លង​ថ្មី​ដែល​បាន​រាយការណ៍​នេះ​បាន​នាំ​ឱ្យ​ចំនួន​សរុប​មាន ១០ ៧៨១ ០០៩​នាក់​។ ប្រទេស​នេះ​បាន​រាយការណ៍​ថា គ្មាន​ករណី​ស្លាប់​ថ្មី​ណាមួយ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​ទេ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ករណី​ស្លាប់​សរុប​ស្ថិត​នៅ​ត្រឹម ៤៣ ០៩៣​នាក់​ដដែល​។

យោង​តាម​ក្រសួង​នេះ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ មាន​ករណី​ធ្ងន់ធ្ងរ​ចំនួន ៥០​នាក់​ដែល​ត្រូវការ​ជំនួយ​ក្នុង​ការ​ដង​ដង្ហើម​នៅ​ក្នុង​ប្រទេស​នេះ​។

នៅ​ទូ​ទាំង​ប្រទេស អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ៩ ៩២៣ ០៤៤​នាក់ ឬ​ស្មើនឹង ៩២​ភាគរយ​នៃ​ករណី​ឆ្លង​សរុប បានជា​សះស្បើយ​ហើយ​រហូត​មក​ដល់​ពេល​នេះ​។

ក្រសួង​នេះ​បាន​និយាយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​ជិត ២៤៦,១​លាន​ដូ​សត្រូវ​បាន​គេ​ផ្តល់​ឱ្យ​នៅ​ក្នុង​ប្រទេស​នេះ ដែល​រួម​មាន​ជាង ២១៣,១​លាន​ដូ​សត្រូវ​បាន​ចាក់​ឱ្យ​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​៕

ប្រភព៖ ក្រសួងព័ត៌មាន