ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលបានឱ្យដឹងថា ស្ថានភាពអ្នកជំងឺអុតស្វាលើជនជាតិនីហ្សេរីយ៉ាកំពុងវិវត្តទៅរកការជាសះស្បើយ ដោយមានការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ វជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ក្រោមការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពី ក្រុមគ្រូពេទ្យនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត គឺថារហូតមកដល់ពេលនេះ អ្នក ជំងឺជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានោះ ស្ថិតក្នុងស្ថានភាពសុខភាពល្អប្រសើរ គឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ដោយក្រៅតែពីមានស្នាមដំបៅនៅលើខ្លួន ដែលកំពុងតែវិវត្តទៅរកការជាសះស្បើយ។ លោកជំទាវបន្ថែមថា ក្រុមការ ងារបានធ្វើតេស្តលើបុគ្គលជន ជាតិនីហ្សេរីយ៉ានេះ ដើម្បីបញ្ជាក់ឡើងវិញ ប៉ុន្តែលទ្ធ ផល បានបញ្ជាក់ថា គាត់នៅមានវិជ្ជមានវីរុសអុតស្វានេះនៅឡើយទេ ដូច្នេះទាមទារឱ្យគាត់នៅសម្រាកព្យាបាលជា បន្តបន្ទាប់ទៀត ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យមិត្តភាពខ្មែរសូវៀត។ ដោយឡែកអ្នកដែលពាក់ព័ន្ធនឹងបុរសជនជាតិនីហ្សេរីយ៉ា ចំនួន០៥នាក់នោះ រហូតមក ដល់ពេលនេះ ក៏មិនមាន សញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។ លោកជំទាវបន្តថា អ្នកទាំង នោះ ត្រូវបាននៅដាច់ដោយ ឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងត្រូវបានរក្សាសណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព និងឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។ លោកជំទាវបញ្ជាក់ថា ទោះបីស្ថានភាពនៅក្នុងប្រទេសកម្ពុជាមិនមាន ការឆ្លងជំងឺអុតស្វានៅក្នុងសហគមន៍ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញសេចក្ដីណែ នាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំងរក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យព្យាបាលប្រសិនបើមានបញ្ហាសុខភាពឬសង្ស័យ។
សំឡេង៖« ជាការសំខាន់នៅ ពេលដែលសង្ស័យនោះត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាម ដោយយើងមិនត្រូវប៉ះ ពាល់ជាមួយក្រុមគ្រួសាររបស់យើងឬអ្នកដែលនៅជុំវិញយើងនោះទេ ដើម្បីចៀសវាងនូវលទ្ធភាពនៃការចម្លងបន្ត ហើយការចម្លងនេះវាមិនត្រឹមតែប៉ះពាល់នោះទេ សូម្បីតែការប្រើប្រាស់នូវរបស់របររបស់អ្នកជំងឺ អ៊ីចឹងវានឹងមានការចម្លងបន្ត មកលើបុគ្គលម្នាក់ទៀត។ ដូច្នេះត្រូវ តែមានការប្រុងប្រយ័ត្នហើយម្យ៉ាងវិញទៀតអ្វីដែលជាការ សំខាន់នោះដើម្បីការពារនៃការចម្លង គឺកុំប៉ះពាល់លើអ្នកដែលសង្ស័យ នឹងត្រូវបរិភោគចំណីអាហារណាដែលឆ្អិនល្អ មួយទៀតគឺអនាម័យខ្លួន ប្រាណ ជាពិសេសគឺដៃដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលអីជាដើម ដែលយើងធ្លាប់ធ្វើរួចមកហើយក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដែលវាអាចជួយការពារជំងឺអុតស្វាផងដែរ ព្រោះការរក្សាអនាម័យនេះវាជាកត្តាដ៏សំខាន់បំផុត។»
សូមបញ្ជាក់ថា រោគសញ្ញាអុតស្វាមានដូចជា មានកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ប្រអប់ជើង ដងខ្លួន ភ្នែក និងមាត់ ។ល។ រួមជាមួយនឹងអាការៈគ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង ព្រមទាំងអស់កម្លាំងជាដើម ហើយជំងឺនេះឆ្លងតាមរយៈការប៉ះស្បែកនឹងស្បែក ការប៉ះពាល់ផ្ទាល់ ការប៉ះមាត់នឹងស្បែក ការប៉ះកម្រាលពូកខ្នើយ កន្សែងពោះ គោ សម្លៀកបំពាក់ ឬវត្ថុដែលមានមេរោគ៕
ប្រភព៖ ក្រសួងព័ត៌មាន