តើ​កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​អ្វី ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ?

0

ភ្នំពេញ​៖ តើ​កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​អ្វី​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង ព្រះ​សីហ​នុ ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ? គិត​ត្រឹម ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេច​បាន​៩៥ ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ និង​ប្រកាស​ដាក់​ឱ្យ ប្រើ ប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២​ខាង​មុខ ដោយ​ឥត​គិតថ្លៃ រយៈពេល​មួយ​ខែ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន និង ជា​អ្នកជំនាញ សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា ជា​ការ​ពិត​ណាស់ កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដូច​ជា កាត់​បន្ថយ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ការ​ដឹក​ជញ្ជូន​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ការ​ដឹក ជញ្ជូន​ត្រូវ​ចំណាយពេល​ខ្លី សន្សំ​សំចៃ​ប្រេង ដែល​ធ្វើ​ឱ្យ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ​។

គម្រោង​នេះ ក៏​បាន​ធ្វើ​ឱ្យ​ខេត្ត ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ខ្សែ​ផ្លូវ​ល្បឿន​លឿន​នេះ ទទួល​បាន​នូវ​កំណើន​វិនិយោគ និង​ឱកាស​ថ្មី​ៗ​ផង​ដែរ ជាក់ស្តែង​គឺ​ខេត្តកំពង់ស្ពឺ បាន និង​កំពុង​ទាក់ទាញ​បាន​នូវ​គម្រោង​រោងចក្រ​ជា​ច្រើន ដោយសារ​កត្តា​ភូមិសាស្ត្រ​អំណោយ ផល​ផង និង​ស្ថិត​នៅ​ក្បែរ​គម្រោង​នេះ​ផង ដែល​បាន​ត​ភ្ជាប់​ទៅ​ដល់​ខេត្ត​ព្រះ​សីហ​នុ​ដែល ជា​ខេត្ត​ពហុ​បំណង ដែល​មាន​កំពង់​ផែ​ទឹក​ជ្រៅ​ស្តង់ដារ​សម្រាប់​នាំ​ចេញ​នូវ​ទំនិញ ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

លោក​បណ្ឌិត​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​នេះ បាន​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី រាជធានី​ភ្នំពេញ មក​កាន់​កំពង់​ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ពហុ​បំណង​កម្ពុជា ដែល​ងាយស្រួល​ដល់​ការ​ផ្ទេរ​ទំនេញ​ចេញ​ទៅ​ខេត្ត​តំបន់ឆ្នេរ​កម្ពុជា​ផ្សេង​ទៀត ដូច​ជា​កំពត កែប និង​កោះកុង​ជាដើម​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ យល់​ថា កម្ពុជា គួរតែ​មាន​ផ្លូវ​ល្បឿន​លឿន​បែប​នេះ បន្ថែម​ទៀត ជា​ពិសេស គឺ​ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​កសិផល និង​ទំនិញ​ពី​រោង ចក្រ​សហគ្រាស​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាន់តែ​ងាយស្រួល និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ហើយ​លោក​បណ្ឌិត ក៏​ចង់​ឃើញ​រដ្ឋាភិបាល កែសម្រួល​ផ្លូវដែក​ឡើង​វិញ​ឱ្យ​មាន​ភាពល្អ ប្រសើរ​ផង​ដែរ ព្រោះ​អាច​ធ្វើ​ឱ្យ​តម្លៃ​ដើម​នៃ​ដឹក​ជញ្ជូន​មាន​តម្លៃ​ទាប ។

កន្លង​ទៅ ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវ​នេះ ឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា គិត​ជា​មធ្យម​នៅ​ប្រទេស​គេ ថ្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន លឿន​ត្រូវ​គិត​ចំនួន​១០​សេន​ក្នុង​មួយ​គីឡូម៉ែត្រ​។ ដោយឡែក​នៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​ទី​មួយ ក្រុមហ៊ុន នឹង​គិតថ្លៃ​ធ្វើ​ដំណើរ​ទៅ​តាម​ប្រភេទ​យានយន្ត ក្នុង​នោះ​រថយន្ត​គ្រួសារ នឹង​ត្រូវ​គិតថ្លៃ ចំនួន​២៤​ដុល្លារ​អាម៉េរិក សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក ហើយ​នៅ​ឆ្នាំ​ទី​ពីរ​ក្រុមហ៊ុន​នឹង ពិនិត្យ​យក​តម្លៃ​ធ្វើ​ដំណើរ​យោង​តាម​កិច្ចព្រមព្រៀង​សម្បទាន ដែល​កម្ពុជា​បាន​ចុះហត្ថលេខា ជាមួយ​ក្រុមហ៊ុន​សាងសង់​។

បច្ចុប្បន្ន​គម្រោង​នេះ សម្រេច​បាន​៩៥​ភាគរយ​ហើយ នៅ​សេសសល់​តែ​ការងារ​មួយ ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដូច​ជា​៖ ការងារ​បញ្ចប់​សំណង់ និង​សម្អាត ការងារ​ដាក់​ស្លាក សញ្ញា ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​នៅ​ចំណុច​ខ្លះ​សងខាង​ផ្លូវ គាំទ្រ​ការងារ​បរិស្ថាន និង​ដើម​ផ្កា​នៅ​សួន​ទ្រូងផ្លូវ និង​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ជាដើម​។

គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ និង​បាន ប្រើ​រយៈពេល​សាងសង់​៤៨​ខែ ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព៖ ក្រសួងព័ត៌មាន