ភ្នំពេញ៖ លោក ស៊ន អេលីត គ្រូប្រដាល់ក្លិបប៉ែន កាក់គុនខ្មែរ បានយកថវិកា ដែលជាជំនួយសប្បុរសធម៌លោក ឧកញ៉ា ប៉ែន កាក់ ប្រធានក្លិបខាងលើ ជូនដល់កីឡាករពីរ រូបដែល កំពុងមានបញ្ហារបួស ក្រោយចុះពីសង្វៀនប្រដាល់ ។
កីឡាករពីររូបដែលកំពុងមានបញ្ហា ក្នុងនោះ មានកីឡាករ ធឿន ធារ៉ា បានរបួសបាក់ខ្ទង់ច្រមុះ នឹងត្រូវ អាកខានឡើងសង្វៀន មិនក្រោមកន្លះឆ្នាំនោះទេ ទើបបញ្ហារបួសនេះ ជាសះស្បើយ វិលរកភាពប្រក្រតី ។ អាស្រ័យដោយការអាកខាន ឡើងសង្វៀនរកថវិកាផ្គត់ផ្គង់គ្រួសារ អំឡុងជីវភាពរស់នៅក្រោមដំបូលផ្ទះជួល ម្តុំរោងចក្រ លោក ឧកញ៉ា ប៉ែន កាក់ ក៏បានផ្តល់ជំនួសសប្បុរសធម៌របស់លោក ជូនដល់ កីឡាករ មកពីខេត្តព្រៃវែងនេះចំនួន ៨០ម៉ឺនរៀល ។
លោក ស៊ន អេលីត បានសរសេរនៅលើផេកហ្វេសប៊ុករបស់លោកថា «ព្រឹកនេះខ្ញុំយកថវិការបស់បងប្រុស ប៉ែន កាក់ ប្រគល់ជូន 1,ធឿន ធារ៉ា 80ម៉ឺនរៀល2,ជិន រ៉ា មកជំនួស សំអាត បារមី 40ម៉ឺនរៀល» ។
បញ្ជាក់ផងដែរថា កីឡាករ សំអាត បារមី បានរបួសបាក់ដៃ អំឡុងពេលប្រកួតជាមួយ អេលីត លីមី កាលពីសប្តាហ៍មុន៕