សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបោះជំហានថ្មីមួយទៀត នៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្ហាញនូវភាពស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ ក្នុងនាមម្ចាស់ក្បាច់គុន ក៏ដូចជាផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយដឹកនាំប្រតិភូត្រឡប់មកដល់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារ តបតាមការអញ្ជើញរបស់សភាពពាណិជ្ជកម្មខ្មែរប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងសមាគមបងប្អូនខ្មែររស់នៅទីក្រុង Long Beach ជិត ១សប្ដាហ៍។
ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា ក្រោយជំនួបពិភាក្សា ភាគីពាក់ព័ន្ធបានឯកភាពរៀបចំការប្រកួតគុនខ្មែរ នៅសហរដ្ឋអាមេរិក កំឡុងខែមេសា ឆ្នាំ២០២៥ ទី១-ការប្រកួតនៅរដ្ឋ Washington នាថ្ងៃទី០៥-មេសា មានកីឡាករ ៣រូប និងកីឡាការិនី ១រូប និងទី២-ការប្រកួតអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា ដែលអាចមានកីឡាករ ៦រូប កីឡាការិនី ១រូប ហើយក៏អាចមានក្រុមភ្លេង និងក្រុមសិល្បៈ ដើម្បីជំរុញព្រឹត្តិការណ៍ឱ្យកាន់តែទាក់ទាញ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ទៅរៀបចំព្រឹត្តិការណ៍គុនខ្មែរ លើកទឹកដីសហរដ្ឋអាមេរិក ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ក្នុងនាមមហាគ្រួសារខ្មែរ កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ ។
ឯកឧត្តមបន្ដថា នេះគឺជាពេលវេលា ដែលគុនខ្មែរ ត្រូវសហការជាមួយបងប្អូនខ្មែរក្រៅប្រទេស ដើម្បីរៀបចំព្រឹត្តិការណ៍គុនខ្មែរដោយខ្លួនឯង ព្រោះកន្លងមក សកម្មភាពប្រដាល់គុនខ្មែរលើទឹកដីអាមេរិកមិនសូវមាន ហើយបើមានក៏ជ្រកក្រោមក្បាច់គុនប្រទេសដទៃដែរ។ អ្វីដែលជាការកត់សម្គាល់ខ្លាំង គឺនៅឆ្នាំ២០២៤នេះ ជាឆ្នាំដ៏ជោគជ័យមួយ សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលត្រូវបានសហព័ន្ធ ខិតខំប្រឹងប្រែងជំរុញសកម្មភាពប្រកួត និងផ្សព្វផ្សាយទៅលើឆាកអន្ដរជាតិ ជាក់ស្ដែងកន្លងមក គុនខ្មែរ ត្រូវបានរៀបចំទៅកាន់បណ្ដាប្រទេសជាច្រើនលើពិភពលោក ទាំងទ្វីបអាស៊ី អូសេអានី និងទ្វីបអឺរ៉ុបជាដើម មុនបន្ដសកម្មភាពទៅកាន់ទ្វីបអាមេរិកជាប្រវត្តិសាស្ដ្រនាពេលឆាប់ៗខាងមុខ ខណៈសកម្មភាពក្នុងប្រទេស ក៏មានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនកុះករផងដែរ៕