កីឡាករគុនខ្មែរមកពីខេត្តរតនគិរី ផាន់ ណាំតៃ ប្តេជ្ញាប្រកួតដណ្តើមខ្សែក្រវាត់ឱ្យបាន១ជូនក្រុមគ្រួសារ

0

ភ្នំពេញ៖ បើ​ទោះបីជា​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​៣​ឆ្នាំ និង​ធ្លាប់​ប្រកួត​ជាតិ​-​អន្តរជាតិ​ប្រមា​ន​៥០​លើក​ក្តី ប៉ុន្តែ​កីឡាករ​គុន​ខ្មែរ ផា​ន់ ណាំ​តៃ មក​ពី​ខេត្តរតនគិរី​រូប​នេះ​មិន​ទាន់​ឈ្នះ​ខ្សែក្រវាត់​ណាមួយ​ជូន​ក្លឹ​ប និង​ក្រុម​គួ​សារ​នៅឡើយ​។

នៅ​ក្នុងអំឡុងពេល​ហ្វឹកហាត់ នៅ​ក្លឹ​ប​គុន​ខ្មែរ​លោកគ្រូ ពេជ្រ សុ​ផា​ន់ ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កីឡាករ ផា​ន់ ណាំ​តៃ បាន​លើក​ឡើង​ថា ខ្លួន​បាន​ចូល​ហ្វឹកហាត់​រយៈពេល​៣​ឆ្នាំ និង​បាន​ឡើង​ប្រកួត​ចំនួន​៥០​ដង នៅ​តាម​សង្វៀន​នានា ក្នុង​នោះ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​ជាង​២០​ប្រកួត និង​ធ្លាប់​ប្រកួត​អន្តរជាតិ​ជាង ២០​ប្រកួត ដោយ​មាន​ឈ្នះ មាន​ចាញ់ ប៉ុន្តែ​ក្តី​ប្រាថ្នា​ដ៏​ធំ​របស់​អ្នកលេង​គុន​មានស្រុក​កំណើត​នៅ​ខេត្តរតនគិរី​រូប​នេះ​គឺ​ចង់​ឈ្នះ​ខ្សែក្រវាត់​ណាមួយ​ជូន​ក្លឹ​ប និង​ក្រុម​គ្រួសារ​។

ស្ថិត​ក្នុង​វ័យ​២២​ឆ្នាំ យុវជន ផា​ន់ ណាំ​តៃ បញ្ជាក់​ជូន​ថា បច្ចុប្បន្ន​បើ​ទោះបីជា​គុណភាព​បច្ចេកទេស​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​បន្តិច​ជាង​ពេល​មុន​ៗ​ដោយសារ​កត្តា​សុខភាព​ក្តី ក៏​រូបគេ​នៅ​តែ​ចឹ​ញ្ចឹ​ម​ចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ជំនាញ​កីឡា​គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។ ផា​ន់ ណាំ​តៃ បន្ថែម​ថា ខ្លួន​ធ្លាប់​ឈប់​សម្រាក​មួយ​រយៈ​ពី​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ម្តង​ដែរ ក្នុង​រយៈពេល​ហ្វឹកហាត់ និង​ប្រកួត​៣​ឆ្នាំ​នេះ ប៉ុន្តែ​ដោយសារ​តែ​ក្តី​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ និង​អាច​ដោះស្រាយ​ជីវភាព​របស់​ខ្លួន​ផង​នោះ ទើប​កីឡាករ ផា​ន់ ណាំ​តៃ ចូលខ្លួន​មក​ហ្វឹកហាត់​បន្ត​វិញ ដើម្បី​ត្រៀម​ឡើង​ប្រកួត​លើ​សង្វៀន​ជា​បន្តបន្ទាប់​ទៀត​។

ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ​របស់​កម្ពុ​ជាមួយ​នេះ ណាំ​តៃ ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា ដោយសារ​តែ​ចង់​ល្បីល្បាញ ទើប​ការ​ចាក​ចេញពី​ប្រដាល់​គុន​ខ្មែរ​នោះ​មិន​បាន​យូរ​ទេ ហើយ​ក៏​សម្រេចចិត្ត​ចូល​មក​ហ្វឹកហាត់​បន្ត​វិញ​។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ ណាំ​តៃ ចូល​ហ្វឹក​ហាត់គុន​ខ្មែរ​ដំបូង គឺ​ដោយសារ​តែ​ការ​ស្រឡាញ់​និមិត្តរូប​គុន​ខ្មែរ​ម្នាក់ គឺ​កីឡាករ ឃុន ឌី​ម៉ា បើ​ទោះបីជា​កាលពី​ដំបូង​មានការ​រារាំង​ឃាំង​ឃាត់​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន​យ៉ាងណា​ក្តី​។

អ្នក​ប្រដាល់​គុន​ខ្មែរ ផា​ន់ ណាំ​តៃ ជា​កូន​ទី​៣​ក្នុង​គ្រួសារ ដែល​មានស្រុក​កំណើត​នៅ​ខេត្តរតនគិរី ប្តេជ្ញា​ថា​នឹង​ខិតខំ​ហ្វឹកហាត់ និង​ឡើង​ប្រកួត​ឱ្យ​បាន​ខ្សែក្រវាត់​១​ជូន​ក្រុម​គ្រួសារ ដោយ​នេះ​គឺជា​បំណងប្រាថ្នា​ដ៏​ធំ​របស់​គេ ដើម្បី​កសាង​កិត្តិយស​ជូន​គ្រួសារ ក៏​ដូច​ជា​មាន​គោលបំណង​រួមចំណែក​លើកកម្ពស់​ដល់​ការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ក្បាច់គុន​ប្រពៃណី​ជាតិខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​៕

ប្រភព៖ AKP