ភ្នំពេញ៖ ក្រោយបើកការប្រកួត បាន ៤ប្រកួត រាប់ពីថ្ងៃទី៥ សីហា ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ យប់មិញនេះ ឃើញថាមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនស្នេហាគុនខ្មែរ ចង់ឲ្យ កម្មវិធី «ពន្លកគុនខ្មែរ» ដែលរៀបចំដោយលោក ស៊ន អេលីត សហការជាមួយ OBN Asia រៀបចំការប្រកួត ខ្សែក្រវ៉ាត់ជូនពន្លកគុនខ្មែរ ។
ច្បាស់ណាស់ទៅហើយ សម្រាប់កម្មវិធី «ពន្លកគុនខ្មែរដណ្តើមប្រាក់លានដេននី ក្វាន់» ៣លើក និងកម្មវិធីដណ្តើមប្រាក់លាន Ubet368 មួយលើក បានធ្វើឲ្យទស្សនិកជនស្នើសុំ ឲ្យមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ជូនពន្លកគុនខ្មែរ ដើម្បីឲ្យពន្លករបស់យើងមានទីផ្សារខ្ពស់ និងសំបូរទៅដោយ កីឡាករមានគុណភាពសម្រាប់ទីផ្សារអន្តរជាតិនាពេលខាងមុខ ។
ទន្ទឹមជាមួយការលើកឡើងមតិរបស់មហាជន លោក ស៊ន អេលីត គ្រូបង្គោលក្លិបប៉ែន កាក់គុនខ្មែរ បានប្រាប់ថា លោកពិតជាចង់ណាស់ ចង់លើស អ្វីៗទាំងអស់ ក៏ព្រោះតែចង់ឃើញពន្លកគុនខ្មែរខ្លាំងក្លា ព្រោះវាជាគ្រឹះដ៏សំខាន់សម្រាប់ទីផ្សារកីឡាករប្រដាល់របស់យើងនាពេលខាងមុខ ។ លោកថា បើយើងមិននាំគ្នាគិតពីគ្រឹះខាងក្រោមទេ ប្រដាល់យើងនឹងខ្សោយ ហើយពិបាកប្រជែង ជាមួយបបណ្តាប្រទេសជិតខាង ។ ប៉ុន្តែនៅទីនេះ លោកបារម្ភបំផុត គឺគ្មានស្ពន់ស័រឧបត្ថម្ភដើម្បីបង្កើត ក៏ព្រោះថាកន្លងទៅយើងបាននិយាយជាមួយស្ពន់ស័រជាច្រើន ប៉ុន្តែគេមិនបានខ្វល់ឡើយ អ៊ីចឹង សង្ឈឹមថា ក្នុងពេលខាងមុខដ៏ខ្លី នឹងមានម្ចាស់សហគ្រាស ដែលមានផលិតផលក្នុងដៃផ្សេងៗទៀត នឹងចូលរួមជ្រំជ្រែង ។
លោក ស៊ន អេលីត បានបន្តថា លោកក៏មិនខុសពីអ្នកគាំទ្រដែរ ចង់ឃើញពន្លកគុនខ្មែរប្រជែងគ្នា ដើម្បីខ្សែក្រវ៉ាត់ ដែលអាចថាវាជាកម្មវិធីដំបូង សម្រាប់ពន្លកគុនខ្មែរនាពេលខាងមុខ អ៊ីចឹងអ្វីៗ នៅលើម្ចាស់ផលិតផល និងម្ចាស់សហគ្រាស ដែលចង់ជួយ សម្រាប់លោកផ្ទាល់គ្មានលទ្ធភាពនោះទេនៅពេលនេះ ព្រោះខ្ទង់ចំណាយនៃការបង្កើត ខ្សែក្រវ៉ាត់ មានទំហំច្រើនគួរសម ហើយពេលនេះគឺពឹងលើម្ចាស់ស្ពន់ស័រទាំងស្រុង។
ក្នុងនោះដែរ លោក ស៊ន អេលីត ក៏បានអំពាវនាវឲ្យ ម្ចាស់ក្រុមហ៊ុនដែលមានផលិតផលក្នុងដៃ ក្រឡេកមកជួយដល់ កម្មវិធីប្រដាល់ពន្លកគុនខ្មែរ ផង ដោយអាចទាក់ទងរៀបចំកម្មវិធីបាន តាមរយៈទីផ្សាររបស់ OBN Asia លេខ 078 22 11 93 និង លេខរបស់លោក ផ្ទាល់គឺ 089 733 339 ៕










