អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា​សម្រេចចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ២៨ឆ្នាំ

0

ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធ កែ វណ្ណៈ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យទើបតែ ២៨ឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពីចប់កិច្ចសន្យាជាក្រុមអគ្គិសនីកម្ពុជានារដូវកាល២០១៩។

អតីតកីឡាករក្រសួងការពារជាតិ បានប្រាប់មកក្រុមការងារ OBN Asia ថា៖ ខ្ញុំប្រហែលជាសម្រេចចិត្តសំរាកពីបាល់ទាត់សិនហើយ ព្រោះឆ្អែតជាមួយនឹងបាល់ទាត់ហើយ។ និយាយរួមទៅខ្ញុំចង់ចាប់ជំនាញដែលបានរៀនផ្នែកធានាគារ ហើយខ្ញុំបានធ្វើតេស្តជាប់ជាមួយធានាគារមួយរួចហើយ។

កីឡាករមកពីខេត្តកណ្តាលរូបនេះ បានចាប់អាជីពដំបូងជាមួយក្លិបក្រសួងការពារជាតិ តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ នឹងបានឈ្នះពានសម្តេចហ៊ុនសែន ២លើក នឹងបានជាប់ជម្រើសជាតិ U-21, U-23 នឹងឈុតធំផងដែរ ស្របពេលដែលឆ្នាំ២០១៨ បានទៅចូលរួមជាមួយ បឹងកេត ខណៈដែលរដូវកាល២០១៩ លោក ប្រាក់ វុទ្ធី បាននាំមកចូលរួមជាមួយក្រុមអគ្គិសនីកម្ពុជា។

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ ក៏បានបន្ថែមថាបើទោះបីជាបញ្ចប់អាជីពពីពេលនេះក្តីតែចិត្តនៅតែស្រលាញ់បាល់ទាត់ជានិច្ច ហើយនៅតែអាចលេងក្នុងពានតូចៗដែលមិនមែនអាជីព៕

អត្ថបទ៖មៃ ចាន់បុត្រ​