ភ្នំពេញ៖កាំង ម៉េងហុង ម្ចាស់ប្រាក់លាន ក្នុងកម្មវិធីប្រដាល់ពន្លកគុនខ្មែរដណ្តើមប្រាក់លានដេននី ក្វាន់ បានសម្តែងនូវការអរគុណចំពោះ កញ្ញា ដេននី ក្វាន់ និង ចោមក្វាន់ ដែលធ្វើឲ្យខ្លួនបានស្គាល់នូវរសជាតិ កាន់លុយធំក្នុងអាជីពប្រដាល់ ។
កាំង ម៉េងហុង បានប្រាប់ OBN Asia ថា ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលមីង ដេននី ក្វាន់ និងក្រុមគ្រួសាររបស់គាត់ ទាំងអស់បានរៀបចំកម្មវិធី ប្រដាល់ពន្លកគុនខ្មែរដណ្តើមប្រាក់លាន នេះឡើង និងជាឱកាសដែលធ្វើឲ្យខ្ញុំទទួលបានប្រាក់លាន ដែលមិនធ្លាប់បានទទួលពីមុនមក ។
កាំង ម៉េងហុង កូនសិស្សលោក ស្វាយ សុខុន បានបន្តថា នេះជាលើកទី១ហើយ ដែលទទួលបានប្រាក់លាន ២លានរៀល ពីកម្មវិធីប្រដាល់ខាងលើ និងមាន សប្បុរសជនដែលមកទស្សនាផ្ទាល់ បានថែមពីលើទៀត ចំនួន ២០០ ដុល្លារអាម៉េរិក ដែលសរុបទាំងអស់ ខ្ញុំទទួលបាន ជិត ៨០០ដុល្លារអាម៉េរិក ។
កាំង ម៉េងហុង ថា ពីមុនមកគឺខ្ញុំមិនធ្លាប់ទទួលបានជើងឯកនោះទេ ហើយមិនធ្លាប់ទទួលបានលុយធំបែបនេះ កាន់នោះទេ ក្នុងអាជីព ហើយខ្ញុំសង្ឈឹមថា កម្មវិធីបែបនេះ អាចនឹងកើតមានឡើងទៀត នៅពេលខាងមុខ ដែលជាចំណែកមួយជួយផ្តល់ឱកាស ឲ្យខ្ញុំ និងពន្លកគុនខ្មែរ ជាច្រើនទៀត ដែលមិនសូវមានទីផ្សារ ៕