ភ្នំពេញ៖អ្នកប្រដាល់វ័យក្មេង កាំង ម៉េងហុង បានអះអាងថា សម្រាប់ការប្រកួតដណ្តើមប្រាក់លានដេននី ក្វាន់ ដែលផ្សាយផ្ទាល់លើផេក OBN Asia នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្លិបឆ្មាសសែនសុខជាប់បរិវេណសាលាវិទ្យាល័យ ឬស្ស៊ីកែវ រូបគេនឹងអាចឆ្លងផុត កីឡាករ បាំង បិទ ដើម្បីទៅជួបកីឡាករ ឡុង អាឆើត ឬ អេលីត ផានិត ដែលនៅអង្គុយកៅអ៊ី រងចាំ ។
កាំង ម៉េងហុង មកពីក្លិបនាគរាជចតុមុខ បានថ្លែងប្រាប់ OBN Asia ថា ថ្វីបើបាំង បិទ បានចូលប្រឡូកសង្វៀនប្រដាល់មុន តែខ្ញុំនៅតែសង្ឈឹមយ៉ាងមុតមាំថា អាចនឹងយកឈ្នះទៅលើ កីឡាកររូបនេះ នៅទឹកណាមួយ ហើយក្តីសង្ឈឹមខ្ញុំអាចឆ្លងផុត គឺមាន តែ ៧០ភាគរយ ។
កាំង ម៉ែងហុង បានបន្តថា ខ្ញុំបានត្រៀមរួចរាល់ហើយ សម្រាប់ការប្រកួតនេះ ធ្វើយ៉ាងណាលើកប្រាក់លាន បងស្រី ដេននី ក្វាន់ ឲ្យទាល់តែបាន ដូចអ្វីដេលខ្ញុំធ្លាប់បានអះអាងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូច្នោះ ។
កាំង ម៉េងហុង ក៏បានបង្ហាញជំនឿថា បើសិនជាគេឆ្លងផុត បាំង បិទ រួចមែនគេអាចនឹងឈ្នះ ព្រោះថា អេលីត ផានិត កន្លងទៅគេក៏បានឈ្នះម្តងរួច ទៅហើយ ។ ម្យ៉ាងទៀតបើលើកប្រាក់លាននេះបានមែន វានឹងធ្វើឲ្យខ្ញុំកាន់តែមានឈ្មោះបោះសំឡេង នឹងមានទីផ្សារខ្ពស់ ក្នុងការប្រកួត ៕