«ក្រុងភ្នំពេញ» ៖ លោក ជួន សំណាង បានធ្វើការលើកឡើងក្នុងស្ថានភាពត្អួញត្អែរថា រយៈពេល ១៩ឆ្នាំមកនេះ លោកបានត្រឹមតែជាអាជ្ញាកណ្តាលគូរាយរង មិនដូចក្មេងៗគេមកក្រោយមានឱកាសល្អជាងលោកបង្ហាញមុខសម្រាប់គូធំៗ អន្តរជាតិដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តរបស់លោក ។
លោក ជួន សំណាង បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែមិថុនា ថា «រយះពេល 19ឆ្នាំក្នុងការងារជាមន្ត្រីគណះកម្មាបច្ចេកទេស អជ្ញាកណ្តាលនឹងចៅក្រម សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបខ្ញុំមិនដែរតូចចិត្តឬអនចិត្តច្រណែននឹងបងប្អូនរួមការងារនោះទេ ក្នុងការបំពេញភារកិច្ច ទោះបីខ្ញុំធ្វើអជ្ញាកណ្តាល ត្រឹមគូរទី1ឬគូរចុងក្រោយមិនដែលឃើញធ្វើគូរពិសេសនឹងគេ ហើយមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសួរមកខ្ញុំថាមកពីគ្មានខ្សែរនឹងបក្សពួកនឹងគេឬ តែខ្ញុំមិនដែរគិតទេ សំខាន់គឺត្រូវគោរពទៅតាមគោលការរបស់លោកប្រធានចាត់តាំងអោយខ្ញុំ»។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិកហ្វេសប៊ុកជាមួយអង្គភាព OBN Asia លោក ជួន សំណាង បានថ្លែងថា លោកមានអារម្មណ៍ថាអន់ចិត្តដែរ ដោយលោកខំរៀនបានសញ្ជាតិប័ត្រគគោក ប៉ុន្តែបានត្រឹមតែធ្វើអាជ្ញាកណ្តាលគូរាយរង ដូចជាគូទី១ និងគូចុងក្រោយ ដែលមិនមែនជាគូពិសេស ។ អជ្ញាកណ្តាលអាយុ ៤២ឆ្នាំរូបនេះបានបន្តថានិយាយទៅមានអារម្មណ៍អន់ចិត្តដែរ ក្មេងៗសារក្រោយ គេបានឱកាសធ្វើគូពិសេសដែលជាគូអន្តរជាតិ តែលោកមិនដែលធ្លាប់សោះ ។
ក្រៅពីលោកក៏មានអជ្ញាកណ្តាលផ្សេងទៀតដែរ ក៏មិនបានធ្វើគូពិសេស ត្រឹមតែគូរាយរង ហើយបើនិយាយពីបក្ខពួក ទើបបានធ្វើជាអជ្ញាកណ្តាលគូពិសេស លោកថា លោកមិនអាចឆ្លើយបានទេត្រង់ចំណុចនេះ ដោយត្រឹមតែបញ្ជាក់ថា អាចនឹងមានករណីនេះតែប៉ុណ្ណោះ ។
លោកថា តាមពិតប្រាក់កំលាំងពលកម្ម វាស្មើគ្នា មិនលើសគ្នាទេសម្រាប់ការធ្វើអជ្ញាកណ្តាល ប៉ុន្តែលោកក៏ត្រូវការកិត្តិយសផងដែរ ព្រោះថា ១៩ឆ្នាំ ហើយគេឲ្យត្រឹមគូរាយរង មិនបានគូពិសេសនឹងគេសោះ ហើយសង្ឈឹមថា អាចនឹងថ្ងៃណាមួយទទួលបានទៅចុះ ៕