គ្រូប្រដាល់៤រូបខ្វល់ពីភាពកង្វះសង្វៀនសម្រាប់ថ្នាលពន្លកគុនខ្មែរ​

0

«ក្រុងភ្នំពេញ»៖ ថ្វីបើបច្ចុប្បន្នមានសង្វៀនតាមប៉ុស្តិ៍ជាច្រើនដំណើរការយ៉ាងគគ្រឹកគគ្រេង នឹងផុសផុលជាទីបំផុត រៀងរាល់ចុងសប្តាហ៍ ប៉ុន្តែអ្វីដែល បានឃើញនោះសម្រាប់តែកីឡាករធំៗជួរមុខល្បីៗប៉ុណ្ណោះ តែផ្ទុយទៅវិញបានធ្វើឲ្យគ្រូៗ ចំនួន៤រូបមាន​ការព្រួយបារម្ភជុំវិញ កង្វះសង្វៀន សម្រាប់ កីឡាករថ្នាល ដែលជាពន្លកគុនខ្មែរ ស្នងនូវតំណែង​រៀមច្បងរបស់ពួកគេ ។​

លោក ធី ណារិទ្ធ គ្រូអាណាចក្រគុនខ្មែរ បានមានប្រសាសន៍ថា ដើមឡើយលោកសំបូរសិស្សតូចៗ ដែលជាពន្លកគុនខ្មែរដែរ ប៉ុន្តែដោយសារតែ គ្មានសង្វៀនបង្ហាញសមត្ថភាពរបស់ពួកគាត់ ឥលូវឪពុកម្តាយរបស់ពួកគេយកទៅស្រុកវិញអស់ហើយ ។ លោកថា វាពិបាកដែរក្នុងការរកសង្វៀន ជូនពួកគាត់ ម្យ៉ាងវិញទៀតស្ពន់ស័រមួយៗ ត្រូវការតែកីឡាករធំៗល្បីៗ ។ លោកថាបើមានសង្វៀនដែលលើកស្ទួយកីឡាករពន្លកគុនខ្មែរសុទ្ធ ដោយពន្លកខ្មែរ ជួបខ្មែរ យកទាំងអ្នកខ្ចីបទពិសោធន៍ និងមានបទពិសោធន៍ វានឹងកាន់តែល្អសម្រាប់ពួកគាត់ដើម្បីដកស្រង់បទពិសោធន៍ ត្រៀមជួបកីឡាករបណ្តាលប្រទេសជិតខាង។

លោក គ្រូធន់ សុភា ក្លិបក្រសួងការពារជាតិ បានលើកឡើងថា លោកបានបណ្តុះបណ្តាលសិស្សតូចៗជាពន្លកគុនខ្មែរ ចាប់ពីអាយុ ៨ ដល់ ១៦ឆ្នាំ មានរហូតដល់ទៅ ១៧នាក់ ទោះសិស្សពន្លកគុនខ្មែរច្រើនយ៉ាងនេះក្តី ប៉ុន្តែពួកគាត់អត់មានទីផ្សារវាយលើសង្វៀននោះទេ ដោយសារតែតាមប៉ុស្តិ៍ មិនផ្តល់ឱកាស និងចាប់គូឲ្យ ។ លោកថា ដោយសារតែគ្មានសង្វៀនផ្តល់ឱកាសជូនពួកគាត់ ជាក់ស្តែងដូចជា ធន់ ក្របី ត្រូវបានឪពុកម្តាយរបស់គេ យកទៅធ្វើសំណង់វិញហើយ ដែលធ្វើឲ្យលោកស្តាយសិស្សលោកមួយនេះណាស់ ។ លោកបន្តថា បើសិនជាមានសង្វៀនប្រដាល់បណ្តុះបណ្តាល លើកស្ទួយដល់ពន្លកគុនខ្មែរ លោកពិតជាសប្បាយចិត្ត ដែលអាចធ្វើឲ្យសិស្សលោកទទួលបានបទពិសោធន៍ពីលើសង្វៀន កាន់តែច្រើនឡើង ។

លោកស្វាយ សុខុន ប្រធានក្លិបប្រដាល់នាគរាជចតុមុខ បានមានប្រសាសន៍ថា កីឡាករប្រដាល់ថ្នាលនៅតាមក្លិបនីមួយៗ ដែលពួកគាត់បានខំបង្វឹក ខំបង្ហាត់ តែឃើញថា ថ្នាលគុនខ្មែររបស់យើងមិនទាន់បានផ្តល់ឱកាសឲ្យពួកគាត់ពេញលេញក្នុងការប្រកួត បញ្ចេញសមត្ថភាពនៅឡើយ ។ លោកសង្ឈឹមថា នឹងមានសង្វៀនសម្រាប់ពន្លកគុនខ្មែរ ប្រកួតទាំងថ្នាក់ជាតិ អន្តរជាតិ ក៏ព្រោះតែយើងស្រមៃដល់ឆ្នាំ ២០២៣ ថាបានត្រៀមខ្លួនហើយឬនៅ ដើម្បីទទួលភ្ញៀវក្នុងនាមយើងជាម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុនខ្មែរ ។

លោក ស៊ន អេលីត គ្រូបង្វឹកក្លិបឆ្មាសសែនសុខ ក៏មានប្រសាសន៍ផងដែរថា លោកគ្មានអ្វីក្រៅពីចង់ឲ្យបណ្តាក្លិបទាំងអស់ បង្កើនពន្លកគុនខ្មែរ ឲ្យបានច្រើន ហើយសូមឲ្យសហព័ន្ធ និងស្ថានីយ៍ទូរទស្សន៍ជួយរកទីផ្សារឲ្យពួកគាត់ឲ្យបានច្រើន យ៉ាងហោចណាស់ ២ខែបញ្ចេញសមត្ថភាព ម្តង តែបើយើងនិយាយពីបច្ចុប្បន្ននេះ ពន្លកគុនខ្មែរខ្លះ ១ឆ្នាំមិនទាន់បានឡើងសង្វៀនម្តងផង ។ លោកថា យើងមានតែការបង្ហាត់ តែបើអត់មានការដុស ខាត់ពួកគាត់តាមរយៈការប្រកួតក៏យ៉ាប់សម្រាប់យើងដែរ។ លោកថា បើនាំគ្នាពង្រឹងពីពន្លកគុនខ្មែរ និងមានសង្វៀនសម្រាប់ប្រកួត គុនខ្មែរ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំទៀត កាន់តែរីកចំរើន ។

ដោយឡែកអ្នកគាំទ្រជួរមុខ ផុសផុលលើបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ុល នី បានមានប្រសាសន៍ថា លោកទទួលស្គាល់សម្រាប់ទីផ្សារគីឡូធំ បច្ចុប្បន្នគឺរីកចំរើន តែអ្វីដែលព្រួយបារម្ភ គឺអត់ទាន់មានសង្វៀនសម្រាប់ពន្លកគុនខ្មែរ ដោយកីឡាករគីឡូស្រាលៗ តូចៗ អត់ទាន់មានកន្លែង បញ្ចេញ សមត្ថភាព ។ លោកថា មានស្ថានីយ៍ខ្លះដាក់បញ្ចូលដែរ តែភាគច្រើនយកតែកីឡាករដែលមានបទពិសោធន៍ស្រាប់ តែមិនទាន់បានផ្តល់ ឱកាសដល់កីឡាករហាត់អត់មានបទពិសោធន៍លើសង្វៀនមកជួបគ្នានោះទេ ។ លោកថា អ្នកគាំទ្រជាច្រើនបូករួមទាំងលោកផងដែរ ចង់ឃើញបំផុតគឺកីឡាករក្មេងៗ ជាពន្លកគុនខ្មែរមានសង្វៀនប្រកួត ដើម្បីគុនខ្មែរនាពេលខាងមុខ៕