អ្នកប្រដាល់មួយចំនួនប្រកាន់ផ្នត់គំនិត «ឆ្កែខាំគ្នាវាមិនដែលហាត់ផង»

0

«ក្រុងភ្នំពេញ»៖ ប្រដាល់បុរាណគុនខ្មែរ នាពេលបច្ចុប្បន្នកំពុងទាក់ទាញបំផុតពីប្រិយមិត្តគ្រប់ស្រទាប់ ហើយក៏ជាប្រធានបទស្ថិតក្នុងក្តីព្រួយបារម្ភ របស់អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ ថ្វីបើ​បច្ចុប្បន្នមានស្ថានីយ៍ទូរទស្សន៍ជាច្រើនបានបង្កើតសង្វៀនប្រដាល់រីកស្អេកស្កះ គួរឲ្យកត់សម្គាល់នោះ ។

គេថារលកក្រោយច្រានរលកមុខ ប៉ុន្តែបើអ្នកមុខ​មិនធ្វើគំរូល្អ​ជូន​អ្នកក្រោយតើប្រដាល់បុរាណខ្មែរ នឹងចោទជាបញ្ហាយ៉ាងណា ? អ្នកប្រដាល់គុនខ្មែរ ជួរមុខមួយចំនួនតូច ហាក់បង្ហាញអាការៈមិនល្អជូនដល់ក្មេងៗជំនាន់ក្រោយដែលជាពន្លកគុនខ្មែរដ៏សំខាន់ ស្នងតំណែងពីពួកគេ ខណៈដែលរៀមច្បងខ្លះវៃម្តងៗ ចូលរាប់រយដុល្លារ នេះមិនទាន់គិតពីលុយឧបត្ថម្ភជាច្រើនទៀត ប៉ុន្តែពួកគេនៅតែត្អួញត្អែរ ដែលជា​កាតាលីករ ជំរុញឲ្យពន្លក ក្រោយមានភាពខ្លាចរអារលើបញ្ហានេះ ។
ជាក់ស្តែងថ្មីៗនេះ កីឡាកររៀមច្បងមួយចំនួន វៃម្តងចូល ៣០០ ទៅ ៤០០ ដុល្លារពេលជួបកីឡាករថៃ ប៉ុន្តែបែរជាត្អួញត្អែររឿងធ្វើ លិខិតឆ្លងដែន ១១០ ទៅ ១១៥ ដុល្លារទៅវិញ តើលុយដែលបាននោះក្លិបរឹបអុសទាំងអស់ ឬក៏ខ្លួនចាយវាយខ្ជះខ្ជាយមិនគិតមុខក្រោយ ! ។ នៅមាន​រៀមច្បងខ្លះ ក្នុងវិស័យនេះ ហាត់មិនដល់ វៃមិនដល់ លទ្ធផលចុងក្រោយមកបន្ទោសពីតម្លៃខ្លួន ថា​ឲ្យថោកពេក ខ្ជិលវៃ ឡើងទៅដើម្បីបង្គ្រប់កិច្ច ។

ថ្មីៗនេះដែរ ក៏ស្រាប់តែលេចឭនូវពាក្យសម្តីដ៏គួរ​ឲ្យអស់សំណើច ចេញពីអ្នកប្រដាល់ ជួរមុខល្បីគ្រាន់បើ ពូកែ​ត្អូញត្អែរ ដែលទើបតែវៃ នៅសង្វៀនស្វានីយ៍កូនពៅ ជួសកីឡាករជួរមុខដូចគ្នា លើកឡើងនូវពាក្យសម្តីមួយ ដែល​ប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រ និងពន្លកគុនខ្មែរ ដូចគ្នា ដោយអ្នកប្រដាល់រូបនោះ បាននិយាយថា «ឆ្កែខាំគ្នាវាមិនដែលហាត់ផង» នេះចង់សបញ្ជាក់ថា ទោះបីជាគាត់មិនហាត់ក៏អាចទប់ទល់ ជាមួយ កីឡាករថៃបានដូចគ្នា ។ ក្រោយការលើកឡើងដូច្នេះ វាមិនសន្លប់លើសង្វៀនដោយអាចទប់ទល់ បានត្រឹម ៥ទឹកជាមួយកីឡាករថៃ ប៉ុន្តែ អ្នកទស្សនា ភាគច្រើនដែលដិតដាមមុខកញ្ជក់ទូរទស្សន៍ពេលម៉ោងប្រដាល់គ្រប់ស្ថានីយ៍នោះ បានលើកឡើងថា ថៃទុកមុខ ថៃខ្លាចខូចទីផ្សារ របស់គេ បើវៃឲ្យសន្លប់លើកីឡាករខ្មែរ គេនឹងអស់គូប្រកួតនៅពេលខាងមុខ ។

លើកឡើងដូច្នោះ មិនមែនថាគុនខ្មែរអន់នោះទេ ប៉ុន្តែ​អ្វីដែលគួរបន្ទោសគឺអ្នកហាត់គុនខ្មែរមួយចំនួនមាន​អាកប្បកិរយាក្រអើតក្រទម ខុសមាឌ ទាំងដែល ខ្លួនមានសមត្ថភាពមិនដល់គេនោះ ។​
ពាក្យនេះ វាកំពុងតែក្លាយជាគំរូមិនល្អ សម្រាប់អ្នកជំនាន់ក្រោយ បើសិនជាមិនសម្អាតឬសគល់ ដ៏ខ្មៅវិ នេះចេញទេ តើគួរតែរងចាំ ១០ឆ្នាំទៀត ឬយ៉ាងណា ? តើវាសនា ស៊ីហ្គេម ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ទៅជាយ៉ាងណា?
ទន្ទឹមជាមួយគ្នានេះដែរ អ្នកស្នេហាប្រដាល់គុនខ្មែរ ជាច្រើន សុំស្នើដល់សហព័ន្ធប្រដាល់គុនខ្មែរ គួរតែចូលរួមរឹតបន្តឹង​ជាងនេះ ហើយគ្រូបណ្តាក្លិប មួយចំនួនទៀត គួរតែលៃលកដាក់កំហិតក្នុងការហាត់ដើម្បីគោលដៅធំនាពេលខាងមុខរបស់គុនខ្មែរ ។ វាសនា​គុនខ្មែរគឺស្ថិតនៅលើពន្លកក្រោយ៕