ធន់ សុភា៖ កីឡាករពីរខេត្តដែលមានចិត្តជាអ្នកប្រយុទ្ធ និងជោគជ័យលើវិថីប្រដាល់

0

«ក្រុងភ្នំពេញ»៖ លោកធន់ សុភា បានលើកឡើងពីកីឡាករ​មកពីខេត្តចំនួនពីរ ដែលមានទឹកចិត្ត​ជា​អ្នកប្រយុទ្ធស្រាប់ និងភាគច្រើនជោគជ័យលើវិថីប្រដាល់នេះ ហើយជាក់ស្តែង​ក្លិបលោកផ្ទាល់ភាគច្រើនមានកីឡាករមកពីខេត្តពីរនោះតែម្តង ។​

ប្រាប់ OBN Asia នាថ្ងៃម្សិលមិញលោក​ធន់ សុភា អតីត​កីឡាករជើងខ្លាំង និងបច្ចុប្បន្នជាគ្រូបង្វឹកប្រដាល់ បានបង្ហាញពីចំណាប់អារម្មណ៍លោក ក្នុងការ ជ្រើសរើសកីឡាករ​បញ្ចូលក្នុងក្លិប ដោយលោកលើកឡើងថា ខេត្តចំនួនពីរដែលកីឡាករមកហើយមានទឹកចិត្តជាអ្នកប្រយុទ្ធស្រាប់ ក្នុងនោះ មានខេត្តព្រៃវែង និង ខេត្តកំពង់ស្ពឺ ។ លោកបានប្រាប់ពីមូលហេតុថា តាមរយៈការដឹកនាំការបង្វឹករយៈពេលជាង ៣ឆ្នាំនេះលោកបានអង្កេតឃើញ ថា មានតែខេត្តចំនួនពីរនេះទេ ងាយស្រួលក្នុងការជ្រើសរើសកីឡាករ ដោយពួកគេមកគឺមានដុងចិត្តក្លាហានឡើងសង្វៀនស្រាប់ ជាពិសេសអង់អាច មិនខ្លាចឬរុញរាក្នុងការប្រកួតនោះទេ ។ ភាគច្រើន កីឡាករ​ចំនួនពីរខេត្តនេះ ១០នាក់ គឺលោករើសបាន ៨នាក់ទៅហើយ ដែលមានទឹកចិត្តអង់អាច ដោយឡែកសម្រាប់ខេត្តផ្សេងៗ ភាគច្រើន ២០ ទៅ ៥០នាក់រើសបានមួយ ហើយភាគច្រើនមិនមានទឹកចិត្តអង់អាចលើសង្វៀន ។​

លោកបន្តថា គ្រាន់តែលឺថាមកពីខេត្តកំពង់ស្ពឺ និងព្រៃវែង លោកទទួលដៃ១០ ក៏ព្រោះតែពួកគេមានដុងជាអ្នកប្រយុទ្ធ ដោយលោកគ្រាន់តែបន្ថែម នូវការហ្វឹកហាត់ ផ្តល់នូវ​ក្បាច់គុនខ្មែរ បន្ថែមការហ្វឹកហាត់ឲ្យដល់បន្ថិចគឺអាចឡើងសង្វៀនបាន ដែលការប្រកួតរបស់ពួកគេប្រកបដោយឆន្ទះ ។​
លោកក៏បានអះអាងថា ជាក់ស្តែង ធន់ វិណ្ណុ កីឡាករ​គីឡូស្រាល ក្នុងក្លិបលោកផ្ទាល់ ដែលជាពន្លកកីឡាករសំខាន់ ត្រៀមជួបថៃ និងការប្រកួតអន្តរជាតិ គ្រប់ពេល ក៏ព្រោះគេមានទឹកចិត្តអង់អាចក្នុងការប្រកួត ហើយភាគច្រើនតគីឡូឲ្យគេរហូត រាល់ពេលឡើងសង្វៀន ហើយក៏ជាកីឡាករមកពីខេត្តព្រៃវែង និងមានកីឡាករស្រករក្រោយៗក្មេងជាច្រើនទៀត ដែលលោកបង្វឹក សម្រាប់ការប្រកួតធំៗ ដើម្បីរក្សាជំហរគុនខ្មែរ ៕