«ក្រុងភ្នំពេញ» ៖ កីឡាករកំពុងឡើងកូដ រិទ្ធ ភូលូ កូនសិស្សលោកគ្រូ ធី ណារិទ្ធ ក្រោយពិសារអាហារសាមគ្គីជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបាត់ទឹកប្រាក់ដែលសម្តេចឲ្យ បូករួមទាំងកាបូបលុយផងដែរ ។
បើតាមលោកគ្រូ ធី ណារិទ្ធ បានប្រាប់មកកាន់ OBN Asia នៅរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ឲ្យដឹងថា ក្រោយចាកចេញពីពិសារអាហារ សាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កូនសិស្សរបស់លោកគ្រូបានធ្វើដំណើរក្នុងឡានជាមួយកីឡាករជាច្រើន ប៉ុន្តែក្រោយការចាកចេញពីឡានមកដល់កន្លែងម៉ូតូក៏បាត់កាបូបលុយ ហើយវិលទៅកាន់ឡានវិញ រកមិនឃើញទាល់តែសោះ ។
លោកគ្រូធី ណារិទ្ធ បន្តថា លុយរបស់ភូលូ ត្រៀមទុកសម្រាប់ទៅលេងស្រុកជួបជុំគ្រួសារនេះ បាត់ចំនួន ១៧០ដុល្លារ និងលុយខ្មែរ ១៥ម៉ឺនរៀល អត្តសញ្ញណបណ្ណ និង កាត់អេធីអឹម អេស៊ីលីដា ។ លោកថា ក្នុងនោះក៏មានថវិកា ១០ម៉ឺនរៀលដែលសម្តេចតេជោឲ្យផងដែរ។
លោកគ្រូបានបន្តថា សម្រាប់កីឡាករ ឬអ្នករៀបចំឡាន បើសិនជាបានឃើញ យកថវិកានោះទៅចុះ តែអ្វីដែលសំខាន់សុំប្រគល់ អត្តសញ្ញាណបណ្ណ និង កាតធានាគារឲ្យរិទ្ធ ភូលូ ហើយពិតជាអរគុណបើសិនជាប្រគល់ឲ្យមែន៕



