កូនកសិករព្រៃវែង ស្រលាញ់ប្រដាល់ពេក ចងទៃខ្សាច់​ហាត់ម្នាក់ឯង​

0

«ក្រុងភ្នំពេញ» ៖ ដោយសារតែនិស្ស័យស្រលាញ់ នឹងចង់ប្រែក្លាយខ្លួនជាអ្នកប្រដាល់អាជីពខ្លាំងក្លា កុមារាម្នាក់ជាកូនអ្នកកសិករ​ជាយខេត្តព្រៃវែង បានព្យាយាមចងបាវខ្សាច់ហាត់ទាត់វៃម្នាក់ឯង ក្នុងគោលបំណងក្លាយជា​អ្នកប្រដាល់​អាជីពនៅថ្ងៃខាងមុខ។​

បើតាមលោក ម៉ុល នី អ្នកស្នេហា​វិស័យប្រដាល់គុនខ្មែរ នឹងជា​អ្នកបំផុសគំនិត​ឲ្យចូលរួមគាំទ្រលើវិស័យប្រដាល់ លោកបានបញ្ជាក់ប្រាប់ OBN Asia ថា កុមារាម្នាក់នេះ​អាយុ ១០ឆ្នាំ គាត់មានឈ្មោះ ភួន ផែន គេហៅគាត់ថាអាផែនៗ ជាកូនកសិករស្ថិតនៅភូមិបឹង ឃុំច្រេស ស្រុក មេសាង ខេត្តព្រៃវែង ។​
លោកបានបន្តថា បើតាមសម្តី​កុមារាផែន បានប្រាប់លោកអំឡុងលោកទៅលេង​នៅស្រុក ហើយគាត់(កុមារាផែន) បានប្រាប់ថា គាត់ចង់ក្លាយជា​អ្នកប្រដាល់ម្នាក់​ក្នុងពេលអនាគត ដោយសុបិនចង់ឡើងសង្វៀនប្រដាល់ដូចគេដូច​ឯង ជាពិសេសមានឆន្ទះចង់ក្លាយជាជើងខ្លាំងម្នាក់ ប្រកួតលើឆាកអន្តរជាតិ​។​

លោក ម៉ុល នី បានបន្តថាលោកពិតជាកោតសរសើរដល់កុមារាម្នាក់នេះ ដែលមានឆន្ទះខ្ពស់​ដោយព្យាយាម​ទាត់ទៃដាក់ខ្សាច់តែម្នាក់ឯង ជារៀងរាល់ថ្ងៃ លោកថាគាត់មានឆន្ទះខ្ពស់បែបនេះគឺអាចនឹងសម្រេចនូវផែនការ ដែលជាក្តីប្រាថ្នា​ក្នុងពេលខាងមុខជាក់ជាមិនខាន ហើយសង្ឈឹមថានឹងមានក្លិបប្រដាល់ល្អៗ​ ធ្វើការទាក់ទងគាត់មកលត់ដុំវិវត្តន៍ខ្លួនក្លាយជាកីឡាករល្អវ័យក្មេង​ផងដែរ ។​
អ្នកគាំទ្រនិងស្នេហាវិស័យប្រដាល់រូបនេះបានបន្តថា សម្រាប់ឪពុកម្តាយ ដែលមានកូនៗល្អដូច ភួន ផែន នេះគួរតែ​លើកទឹកចិត្តបណ្តុះគំនិត បន្ថែមជូនកូន ឲ្យសម្រេច​ក្តីប្រាថ្នា​របស់គាត់ បើស្រលាញ់គាត់​ត្រូវ​ឲ្យគាត់ធ្វើនូវអ្វីដែលជាបំណងប្រាថ្នារបស់គាត់ ដើម្បីឲ្យប្រដាល់គុនខ្មែរ កាន់តែរីកលូតលាស់ទៅមុខ លើកទាំងមុខមាត់សង្គមជាតិ និងក្រុមគ្រួសារ៕

លោក ម៉ុល នី