ភ្នំពេញ៖ ត្រកូលអ្នកប្រដាល់មកពីខេត្តព្រៃវែង កីឡាករធឿន ធារ៉ា បានលើកឡើងថា ខ្លួនចង់សាកកំលាំងជាមួយកីឡាករ ជូលៀន ម្តងទៀត ក្នុងស្ថានភាពប្រដាល់ ៥ទឹកពេញតែម្តង ខណៈដែលប្រកួតលើកមុនមិនទាន់អស់កំលាំង ។
ធឿន ធារ៉ា បច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្នុងប្រទេសថៃ ដើម្បីត្រៀមខ្លួនឡើងសង្វៀនប្រដាល់ ដណ្តើមពាន Muay Thai នឹងឧស្សាហ៍ចេញចូលទឹក ដីកម្ពុជា នឹងត្រៀមខ្លួនរៀបចំមង្គលការរបស់ខ្លួន ក្នុងឆ្នាំនេះ ។
ធឿន ធារ៉ា បានប្រាប់អ្នកយកព័ត៌មាន OBN Asia ថា លោកនៅមានបំណងចង់ជួបកីឡាករជូលៀន ម្តងទៀត បើសិនជាសង្វៀនប្រដាល់ក្នុងស្រុក អាចរៀបចំឲ្យបាន ព្រោះកាលប្រកួតកាលពីខែកុម្ភៈ ឆ្នាំទៅ ដោយពេលនោះការប្រកួតតែ ៣ទឹកតែប៉ុណ្ណោះ ។ ធឿន ធារ៉ា បានបញ្ជាក់ថា ពេលប្រកួត ៣ទឹកអ៊ីចឹង ពេលនោះអត់ទាន់អស់កំលាំង ដោយបានយកឈ្នះទៅលើជូលៀន ដែលមានកំលាំងខ្លាំង ប៉ុន្តែលោកថា បើសិនជាអាច លោកចង់សាកកំលាំង ៥ទឹកពេញជាមួយកីឡាករស្បែកសរូបនោះ ។
ធឿន ធារ៉ា នៅតែអះអាងថា បើសិនជាការរៀបចំប្រកួតកើតមាន លោកស្វាគមន៍ជានិច្ចជាមួយកីឡាករជូលៀន ។
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនឹងត្រូវជួបជាមួយកីឡាករ ថៃមួយរូបក្នុងការប្រួតដណ្តើមពាន ក្នុងសង្វៀន Muay Thai ប៉ុន្តែពេលនេះ មិនទាន់ដឹងថា គូប្រកួតរបស់ខ្លួន ជានរណានៅឡើយ ៕
ទស្សនាវីដេអូ ធឿន ធារ៉ា ប្រកួតជាមួយ ជូលៀន ៖