ក្រោយសន្លប់ធំ ម៉ន សាម៉េត ថាបានត្រៀមរួចរាល់ហើយសម្រាប់កីឡាករថៃ យ៉ត វាន់ឌី

0

ភ្នំពេញ៖ គេនៅចាំបានថា កីឡាករម៉ន សាម៉េត បានសន្លប់ធំក្រោមកណ្តាប់ដៃម៉ាត់​របស់កីឡាករ យ៉ត វាន់ឌី ក្នុងចុងទឹកទី​១ ក្នុងការប្រកួតលក្ខណៈ មិត្តភាពក្នុងសង្វៀនប្រដាល់​អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

នៅថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ខាងមុខ​ ក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯកខារ៉ាបាវ វគ្គ ៨ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយ​ក៏មានគូសំខាន់ ម៉ន សាម៉េត ស្វាគមន៍ កីឡាករថៃ យ៉ត វាន់ឌី ដូចគ្នា ដែលជាគូទី​៥ ប្រកួតដណ្តើមខ្សែក្រវ៉ាត់ ។​

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាន OBN Asia នៅល្ងាចថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ កីឡាករ​ជើងខ្លាំង ស្ថិតក្នុងក្លិប កងចក្ររាជសីហ៍មានរិទ្ធ របស់ក្រសួងមហាផ្ទៃ បានប្រាប់ថា កាលពីជួបក្នុងការប្រកួតមិត្តភាពខ្ញុំចាញ់គេ ដោយមិនបានប្រយ័ត្ន ក៏ចាញ់គេត្រង់ម៉ាត់ បណ្តាលឲ្យសន្លប់ក្នុងទឹកទី ១ តែម្តង ។
ម៉ន សាម៉េត បានបន្តថា ការប្រកួតលើកនេះជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ អ៊ីចឹង​មានតែប្រយ័ត្ន ការម៉ាត់របស់គេ ឲ្យបានខ្ពស់ ហើយក៏បានត្រៀមរួចរាល់ហើយ​ ជាមួយកីឡាករ​ថៃរូបនេះ ។​

បញ្ជាក់ផងដែរថា ការប្រកួតនេះនឹងធ្វើឡើងនៅម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៦៖៣០ នាទី ក្នុងប្រភេទ ទម្ងន់ ៥៧ គីឡូក្រាម ៕