សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ មកជាស្នងការនគរបាលខេត្តសៀមរាប វិញ ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវផ្ទេរភារកិច្ចជាស្នងការនគរបាល ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា សម្រាប់ខេត្តសៀមរាប គឺជាភូមិសាស្ត្រដ៏ពិសេសមួយ ដែលទាមទារឱ្យពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបាន រឹងមាំសម្រាប់គាំទ្រទៅដល់ការវិនិយោគ វិស័យទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍ កម្រិតជាតិ និងអន្តរជាតិផ្សេងៗ។ ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុង ខេត្តឱ្យ បានល្អប្រសើរ ត្រូវមានការដឹកនាំបញ្ជាកងកម្លាំងនគរបាល និងកិច្ចសហការជាមួយ កងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងកម្លាំងដទៃទៀត ស្ថិតនៅក្រោមការដឹកនាំ របស់គណៈបញ្ជាការឯកភាពខេត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ លោកស្នងការនគរបាលខេត្ត ទើបចូលកាន់តំណែងត្រូវដឹងពីរចនាសម្ព័ន្ធរបស់នគរបាលក្នុងខេត្តរបស់ខ្លួន និងត្រូវចាត់ ចែងប្រគល់ភារកិច្ចទៅដល់ស្នងការរង ការិយាល័យ និងជំនាញនីមួយៗ ចៀសវាងការ ប្រមូលអំណាច និងប្រើតែមនុស្សរបស់ខ្លួន និងចាត់ទុកអ្នកផ្សេងមិនចេះធ្វើការ។
ឯកឧត្តមបន្ថែមថា ចំពោះការដឹកនាំបញ្ជា កងកម្លាំងនគរបាល ត្រូវមាន របបប្រជុំប្រចាំសប្ដាហ៍ ប្រជុំប្រចាំខែ ដើម្បីតាមដាន និងវាយតម្លៃលើការងារ ដែលបាន ប្រគល់ទៅតាមជំនាញនីមួយៗ ចំពោះមន្ត្រីនគរបាលដែលមិនខិតខំបំពេញភារកិច្ច ឬអសកម្ម ថ្នាក់ដឹកនាំត្រូវអនុវត្តន៍តាមវិន័យកម្លាំងនគរបាលជាតិ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ជាពិសេសស្នងការនគរបាលខេត្ត គណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រង សណ្ដាប់ធ្នាប់សាធារណៈ បទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ជួញដូរមនុស្ស ប្រដាប់អាវុធ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត។ លើសពីនោះ ការចុះផ្សព្វផ្សាយពី គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទ ល្មើសតាមមូលដ្ឋាន ខេត្តសៀមរាប បានទទួលជ័យលាភីលេខ១ ក្នុងការអនុវត្តគោល នយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣។
ឯកឧត្តមបន្ថែមថា ការរក្សាបាននូវសុខសន្តិភាព សណ្ដាប់ ធ្នាប់ក្នុងខេត្តនេះ ជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការរីកចម្រើន ទៅមុខជាលំដាប់គួរជម្រាបថា ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភ ជាថវិកាទៅដល់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ១០លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ៣លានរៀល តំបន់ប្រត្តិបត្តិការសឹក រងខេត្តសៀមរាបចំនួន ៣លានរៀល និងពន្ធនាគារខេត្តសៀមរាប ៣លានរៀល។
បន្ថែមពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភសម្លៀកបំពាក់ និងឧបករណ៍សម្ភារសម្រាប់ចេញប្រតិបត្តិការដល់ស្នងការនគរបាលខេត្ត និងអធិការដ្ឋាន ក្រុងស្រុកទាំង១២ផងដែរ៕
ប្រភព៖ AKP