ឧកញ៉ាស្រី ចាន់ថន ប្រកាសរៀបចំការប្រកួតអាណាចក្រគុនខ្មែរ KKIF

0

ភ្នំពេញ៖ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ(Kun Khmer International Fight Gym-KKIF) និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់​គុនខ្មែរបានប្រកាសជាផ្លូវការថានឹងរៀបចំព្រឹត្តិការណ៍ប្រដាល់ថ្នាលគុនខ្មែរដែលឲ្យឈ្មោះថា«អាណាចក្រថ្នាលគុនខ្មែរ KKIF» ចាប់ពីចុងខែតុលា ឆ្នាំ២០២៣តទៅ នៅ​រៀងរាល់យប់ថ្ងៃសុក្រ ចាប់ពីម៉ោង១៩:០០នាទីតទៅ នាសង្វៀនក្លឹប KKIF ជូនអ្នក​គាំទ្រគុនខ្មែរបានទស្សនា។

នេះបើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស្រី ចាន់ថន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលដៅបណ្តុះធនធានថ្នាលកីឡាករប្រដាល់គុន​ខ្មែរឱ្យ​កាន់តែសម្បូរបែប ក្នុងការបន្តដំណើរការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។ ប្រធានក្លឹបរូបនេះគូសបញ្ជាក់ថា «បន្ទាប់ពីបញ្ចប់​បេសកកម្ម​នៅសហរដ្ឋអាមេរិករួចមកខណៈត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ ខ្ញុំ​បាទ​បានចាត់ចែងឱ្យក្រុមការងារត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់ថ្នាលគុន​ខ្មែរចាប់​ពីចុងខែតុលានេះ ដោយដំណើរការប្រកួតរៀងរាល់យប់ថ្ងៃសុក្រ ចាប់ពីម៉ោង១៩:០០នាទីតទៅ នាសង្វៀនក្លឹ KKIF ជូនពុកម៉ែបងប្អូនអ្នកគាំទ្រគុន​ខ្មែរបាន​ទស្សនា»។

លោកឧកញ៉ាបានបន្ថែមថា កម្មវិធីនោះមានឈ្មោះថា “អាណាចក្រថ្នាលគុនខ្មែរ KKIF”ដើម្បីផ្ដល់ឱកាស​ឱ្យកីឡាករ កីឡាការិនីថ្មីៗខ្ចីបទពិសោធបានបញ្ចេញ​សមត្ថ​ភាព​ក្នុ​ង​​ការដណ្ដើមខ្សែក្រវាត់ KKIF ឬពានរង្វាន់ផ្សេងៗ។ រីឯផែនការលម្អិត​ជាង​នេះ លោកឧកញ៉ាស្រី ចាន់ថន នឹងជម្រាបជូននៅពេលក្រោយ។រឿង​ពិសេសមួយ​ទៀតនោះ គឺនៅចុងឆ្នាំ២០២៣ដដែលនេះ យើងនឹងគ្រោងរៀបចំព្រឹត្តិការណ៍គុន​ខ្មែរដ៏ធំមួយផ្សេងទៀត ដោយមិនទាន់ដាក់ឈ្មោះកម្មវិធីនេះនៅឡើយទេ ដោយស្នើ​សុំឱ្យមហាជនបានចូលរួមបញ្ចេញមតិយោបល់ទាំងអស់គ្នាផង ក្នុងន័យរួមគ្នា ដើម្បីអភិវឌ្ឍន៍គុនខ្មែរទាំងអស់គ្នា។

គួរបញ្ជាក់ថា លោកឧកញ៉ា ស្រី ចាន់ថន តែងតែបានរួមចំណែកជួយជ្រោម​ជ្រែង​ដល់វិស័យកីឡាប្រដាល់គុនខ្មែរ ជាពិសេសលោកឧកញ៉ាតែងតែបាន​ជួយឧបត្ថម្ភ​គាំទ្រជាថវិកា សម្ភារដល់កីឡាករ កីឡាការិនី និងក្លិបប្រដាល់គុនខ្មែរដទៃៗទៀត​ជាច្រើនដែលខ្វះខាត ជាបន្តបន្ទាប់ នាពេលកន្លងមកផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា