សហជីព គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត

0

ភ្នំពេញ៖ សហជីព គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិនិងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍសមត្ថភាពដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនដល់កម្មករនិយោជិតឱ្យបានយូរអង្វែង។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលការងារជាមួយសហភាព និងសហព័ន្ធសហជីពចំនួន២០៥នៅទូទាំងប្រទេស នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៥ ខែតុលាម្សិលមិញនេះ។

ជំនួបសំណេះសំណាលនោះ គោលបំណងដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតដែលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ជំនួបនោះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរដែលមិនអាចខ្វះបានក្នុងការជួយជ្រួមជ្រែង និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភាពសុខុដុមនីយមកម្មក្នុងវិជ្ជាជីវៈកាត់ដេរវាយនភណ្ឌ និងផលិតផលធ្វើដំណើរ ទាមទារឱ្យគ្រប់ភាគីទាំងសហជីពដែលតំណាងឱ្យកម្មករនិយោជិតយល់ពីក្របខណ្ឌគតិយុត្តិ និងកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលត្រូវបានកំណត់ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។

ពិធីជួបសំណេះសំណាលនោះ គឺជាជំនួបទ្រង់ទ្រាយធំលើកទី១ រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល។ នេះបើយោងតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

យោងតាមឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយ ការជជែកគ្នាត្រង់ទៅត្រង់មករវាងសហជីព និងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជាកាន់តែរឹងមាំ និងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា គឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើងដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត ដែលជាមធ្យមនៅរោងចក្រមួយមានសហជីពមិនតិចជាង៣ផ្សេងគ្នានោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនង និងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែក និងជាក្រុមប្រមូលផ្តុំឱ្យបានញឹកញាប់ជាមួយគ្នា។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ពិធីជួបសំណេះសំណាលនោះ សហជីពទាំងអស់បានចូលរួមពិសារអាហារសាមគ្គី និងច្រៀងរាំកំសាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា