បរទេស៖ បើទោះបីជាកីឡាការិនីចំបាប់កម្ពុជាចំនួន៣នាក់បានប្រកួតចាញ់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៣ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ក្តី ក៏អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត នៅតែដាក់ក្តីសង្ឃឹមថា កីឡាករ កីឡាការិនីចំបាប់កម្ពុជានឹងអាចធ្វើបានល្អ នៅក្នុងការប្រកួត២ថ្ងៃចុងក្រោយ។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកដឹកនាំក្រុមអត្តពលិកចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ «កម្ពុជាមិនបានឈ្នះមេដាយណាមួយក្នុងព្រឹត្តិការណ៍ Asian Games។ យើងមានសង្ឃឹមចុងក្រោយមួយក្នុងការប្រកួតចំបាប់។ យើងមានម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ចំនួន៣រូបដែលត្រូវប្រកួតថ្ងៃទី០៦ ខែតុលានេះ និងនៅថ្ងៃ០៧ ខែតុលា ឆ្នាំ២០២៣»។
អត្តពលិកឆ្នើមៗ៣នាក់ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅថ្ងៃទី០៦ ខែតុលានេះ គឺកីឡាករ ហេង វុទ្ធី ប្រកួតក្នុងទម្ងន់ ៨៦គីឡូក្រាម វេលាម៉ោង ១១:៣០ (ត្រូវនឹងម៉ោង ១០:៣០ នាទីព្រឹក ម៉ោងកម្ពុជា) ហេង វុទ្ធី ត្រូវប៉ះជាមួយកីឡារកម៉ុងហ្គោលី។ សម្រាប់ការប្រកួតនៅថ្ងៃស្អែកទី០៧ ខែតុលា គឺកីឡាករ ស៊ូ បាលី ប្រកួតក្នុងទម្ងន់ ១២៥ គីឡូក្រាម និង ម៉ូ សារី ប្រកួតក្នុងទម្ងន់ ៩៧ គីឡូក្រាម។
គួរបញ្ជាក់ថា ប្រភេទកីឡាចំបាប់កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនីសរុប១៧នាក់ ក្នុងនោះ កីឡាករ៩នាក់ និងកីឡាការិនី៥នាក់ ដោយប្រកួតលើវិញ្ញាសាសរុបចំនួន១៤។ ចំបាប់កម្ពុជាបានបញ្ចប់៣វិញ្ញាសា កាលពីថ្ងៃទី០៥ ខែតុលា ម្សិលមិញ រួមមាន ៖វិញ្ញាសាចំបាប់សេរី ៥០គីឡូក្រាម ដោយកីឡាការិនី ឌិត សំណាង ជាមួយកីឡាការិនីជប៉ុន YOSHIMOTO Remina, វិញ្ញាសាចំបាប់សេរី ៥៣គីឡូក្រាម ដោយកីឡាការិនី សម្បត្តិ វណ្ណៈ និងវិញ្ញាសាចំបាប់សេរី ៥៧គីឡក្រាម ដោយកីឡាការិនី ជឿន ស្រីឡែន ប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះចិន HONG Kexin ដោយកីឡាការិនីកម្ពុជាទាំង៣រូបចាញ់ដូចៗគ្នា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា