Logan ថានឹងបំបាក់ Floyd ឱ្យស្គាល់រសជាតិថាចាញ់ លើសង្វៀន

0

Logan Paul មានទំនុកចិត្តថាខ្លួននឹងយកឈ្នះលើ Floyd Mayweather បាន ក្នុងការប្រកួតនៅខែក្រោយនេះ បន្ទាប់ពីបានហ្វឹកហាត់ដិតដល់ និងខ្លួនមានប្រៀបជាងច្រើន។

Logan ត្បិតតែជាតារា Youtuber មែន ប៉ុន្តែរូបគេក៏ចូលចិត្តហាត់ប្រដាល់ខ្លាំងណាស់ដែរ។ កន្លងមកធ្លាប់ឡើងសង្វៀនច្រើនមកហើយដែរ ប៉ុន្តែមិនដែលប៉ះជាមួយជើងខ្លាំងកម្រិតដូចជា Floyd នេះឡើយ។ មុនការប្រកួតនោះឈានចូលមកដល់ Logan បានបង្ហើបថារូបគេមានកម្ពស់ខ្ពស់ជាង ទម្ងន់ធ្ងន់ជាង និងក្មេងជាងថែមទៀត។ ដូច្នេះការប្រកួតខាងមុខនេះ រំពឹងថានឹងទទួលបានជ័យជម្នះច្រើន។

ប៉ះជាមួយអ្នកប្រដាល់មិនដែលចាញ់ ៥០ប្រកួតជាប់គ្នា និងមានវ័យដល់ទៅ ៤៤ឆ្នាំ ទៅហើយនោះ Logan បាននិយាយបែបនេះថា ៖ “ខ្ញុំមានគីឡូលើសគាត់ ១៣គីឡូ ខ្ញុំក្មេងជាងគាត់ពាក់កណ្ដាល ខ្ពស់ជាងគាត់ និងខ្ញុំប្រឹងប្រែងខ្លាំងណាស់។ គ្រប់យ៉ាងសុទ្ធតែអាចកើតឡើងបាន។ ជីវិតរបស់ខ្ញុំ ពោរពេញដោយការប្រកួតប្រជែង ហើយខ្ញុំក៏គ្មានអ្វីត្រូវខ្លាចបាត់បង់ សម្រាប់ការប្រកួតនេះដែរ”៕