ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ២នាក់ទៅតុលាការ ពីបទលួចម៉ូតូរបស់មន្ត្រីរដ្ឋករទឹកម្នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា នៅម្តុំអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួនក្នុង សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងដកហូតបានវត្ថុតាង ម៉ូតូដែលបានបាត់ផ្លាកលេខម៉ូតូត្រូវជនសង្ស័យ ដោះបោះចោល។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបន្តថា ជនរងគ្រោះឈ្មោះ សាន់ ថាន អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹកនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ តឹក លីវុទ្ធារិទ្ធ អាយុ២៨ឆ្នាំ នៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, និងឈ្មោះ ថោង សាវាត ហៅ ញ៉ក់ អាយុ២១ឆ្នាំ នៅទំនប់រលកភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ គ្មានផ្លាកលេខ ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕