ស្ថានការណ៍ក្ដៅគគុក! តើចិននិងអាមេរិក អាចឈានដល់ការ ផ្ទុះអាវុធឬទេ? (Video)

0

ប៉េកាំង៖ ចិនបានប្រាប់ឱ្យកងទ័ពរបស់ខ្លួន រក្សាការអត់ធ្មត់ក្នុង កម្រិតខ្ពស់ជាទីបំផុត ដោយមិនត្រូវបើកការបាញ់ប្រហារ លើយន្ដហោះចម្បាំង ឬនាវាចម្បាំងអាមេរិកមុនជាដាច់ខាត ស្របពេលដែលទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីកុំឱ្យអាមេរិកចេះតែមាន លេសបញ្ជូនកងទ័ពមកទៀត។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថាទីក្រុងប៉េកាំង បានធ្វើទំនាក់ទំនងតាមមធ្យោបាយជាច្រើន ជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងមិនបើកការវាយប្រហារ ទៅលើសហរដ្ឋអាមេរិកមុននោះទេ។

ប្រភពដដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាគឺជារឿងងាយស្រួលបំផុត ក្នុងការបញ្ជាឱ្យបើកការបាញ់ប្រហារមុន តែទាំងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមិនអាចគ្រប់គ្រងផលវិបាក ដែលនឹងកើតឡើងបន្ទាប់ពីនោះទេ ខណៈស្ថានភាពនាពេលបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ពស់បំផុត»។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ឱ្យមកធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ដែនទឹកជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប ចិនក៏បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ផងដែរ រហូតដល់ធ្វើឱ្យអ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភថា មហាអំណាចទំាង ២ កំពុងខិតកាន់តែជិតមាត់ជ្រោះនៃជម្លោះ។ ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធរវាងចិន និងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចដឹងមុនថា នឹងត្រូវផ្ទុះនៅពេលណានោះ ហើយភាពតានតឹងរវាងប្រទេសទាំង ២ ក៏មិនមែនទើបតែកើតមានឡើងនោះដែរ។

ជាមួយគ្នានោះផងដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទំនាក់ទំនងដ៏ល្អប្រសើររវាង លោកជាមួយនិងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រែប្រួលក្លាយទៅជាល្អក់កករ អស់ហើយបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ១៩ បានផ្ទុះរាតត្បាតនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ៕