លោកស្រី Sophie Primas អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងដាក់ពន្ធសងសឹកលើទំនិញ និងសេវាកម្មទាំងអស់ពីសហរដ្ឋអាម៉េរិកនៅចុងខែមេសា ហើយក៏ត្រៀមខ្លួនសម្រាប់សង្គ្រាមពាណិជ្ជកម្មផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
លោកស្រី Primas បានបន្តថា ការឆ្លើយតបដំបូងរបស់ EU ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើដែកថែប និងអាលុយមីញ៉ូមនឹងត្រូវបានអនុវត្តនៅពាក់កណ្តាលខែមេសា។
ការឆ្លើយតបទីពីររបស់សហភាពអឺរ៉ុបនឹងកំណត់គោលដៅផលិតផល និងសេវាកម្មរបស់អាម៉េរិកទាំងអស់ ហើយវាគួរតែរួចរាល់នៅចុងខែមេសា ដោយបន្ថែមថា សមាជិកសហភាពអឺរ៉ុបកំពុងសម្រេចចិត្តថាតើផលិតផលមួយណាដែលត្រូវកំណត់គោលដៅ។
លោកស្រីបានបន្ថែមថា EU ក៏នឹងដាក់ពន្ធលើសេវាកម្មអនឡាញរបស់អាម៉េរិកផងដែរ ដោយបច្ចុប្បន្នសហភាពអឺរ៉ុបនៅមិនទាន់យកពន្ធលើសេវាកម្មទាំងនេះនៅឡើយទេ។ ដោយទទួលស្គាល់ថា សង្រ្គាមពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចបារាំង និងអឺរ៉ុប លោកស្រីបាននិយាយទៀតថា សង្គ្រាមពាណិជ្ជកម្មក៏នឹង “អាក្រក់” សម្រាប់សេដ្ឋកិច្ចអាម៉េរិកផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធ ២០ភាគរយទៅលើទំនិញនាំចូលទាំងអស់ពីអឺរ៉ុប៕