លោក ឃឹម ហ្វីណង់ ដាក់ក្ដីរំពឹងថា បន្ទាយស្រីនឹងក្លាយទៅជាស្រុក ដែលគ្មានការជួញដូរ សាច់ឆ្កែទាំងស្រុង

0

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលកំពុងទទួលបានការសសើរ ពីប្រជាពលរដ្ឋមិនដាច់ពីមាត់នោះ បានដាក់ក្ដីរំពឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុក ដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញនូវកិត្តិនាម ជាស្រុកទេសចរណ៍ដែល មានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ។

ឆ្លើយនឹងសំណូរតើការហាមឃាត់ ការធ្វើសត្តឃាតសត្វឆ្កែ និងការធ្វើអាជីវកម្មសាច់ឆ្កែ នៅក្នុងស្រុកបន្ទាយស្រី បានអនុវត្តដល់ណាហើយ?

តាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃនេះ លោក ឃឹម ហ្វីណង់ បានពន្យល់ថា កាលពីម្សិលមិញនេះមន្ត្រីរបស់ រដ្ឋបាលស្រុកបន្ទាយស្រីបាន សហការជាមួយមន្ត្រីមកពី មន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែងទិញលក់ សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេ នៅក្នុងស្រុក (និងក៏ជាកន្លែងធំជាងគេ នៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្ម របស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន ២កន្លែងទៀត ដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំជាថ្មី ឲ្យបញ្ឈប់អាជីវកម្មផងដែរ។

ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្ត ប្រកាន់ជំហរទន់ភ្លន់លើបញ្ហានេះ ផ្តល់អាទិភាពទៅលើ គោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំអឲ្យ បញ្ឈប់ជាជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយ អង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួល ដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូន អាជីវករក្នុងដំណាក់កាលអន្តរកាលនេះ។

សូមបញ្ជាក់ថា ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ ទៅធ្វើជាម្ហូបអាហារមាន ការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រី ត្រូវបានរកឃើញថា ជាកន្លែងជួញដូរធំជាងគេ នៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញ ពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើន កន្លែងនិងកំពុងប្រតិបត្តិការ ផ្គត់ផ្តង់សត្វឆ្កែរស់ និងសាច់ឆ្កែបន្តទៅកាន់តំបន់ ដទៃទៀតក្នុងប្រទេសកម្ពុជា។ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាប តួយ៉ាង មានសារពត៌មានអន្តរជាតិចំនួន ១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅ លើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកា និងខែធ្នូ២០១៩ ៕