ភ្នំពេញ ៖ ប្រភពព័ត៌មាន ពីគណៈថែទាំសុខភាព មន្ត្រីមជ្ឈឹមបក្ស បានឱ្យដឹងថា លោក ឡេ ខា ភៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុនីស្តវៀតណាម បានទទួលមរណភាពនៅម៉ោង ២:៥២នាទីនាពេលព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយក្នុងអាយុ៨៩ឆ្នាំ។
តាមរយៈហ្វេសប៊ុកផេករបស់ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ពេលវេលារៀបចំ ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីដង្ហែសព និងពិធីបូជានឹងត្រូវ បានជូនដំណឹងនាពេលក្រោយ។
ជីវប្រវត្តិរបស់លោក ឡេ ខា ភៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុនីស្តវៀតណាម ៖
លោក ឡេ ខា ភៀវ (LE KHA PHIEU) កើតឆ្នាំ១៩៣១ នៅឃុំ ដុង ឃេ (DONG KHE) ស្រុក ដុង សឹន (DONG SON) ខេត្ត ថាញ ហ័រ (THANH HOA)។
-ចាប់ពីឆ្នាំ១៩៦៤-១៩៩២ លោក បានបំរើការងារក្នុងជួរកងទ័ព រហូតដល់ឋានន្តរសកិ្ត ជាឧត្តមសេនីយ៏ឯកបំរុង និងជាប្រធានអគ្គនាយកដ្ឋាននយោបាយ។
-នៅឆ្នាំ១៩៩១ ក្នុងមហាសន្និបាតបក្សអាណតិ្តទី៧ ឯកឧត្តមបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស។ នៅខែមិថុនាឆ្នាំ១៩៩៤ ក្នុងអង្គប្រជុំមជ្ឈឹមលើកទី៣ (អាណត្តិ៧) លោក បានជាប់ឆ្នោតចូលក្នុងគណៈលេខា ដល់ខែមករា ឆ្នាំ១៩៩៤ លោក បានជាប់ឆ្នោតជាសមាជិក ការិយាល័យនយោបាយ និងនៅខែមេសា ឆ្នាំ១៩៩៦ លោក បានតែងតាំងជាអចិន្ត្រៃគណៈលេខា។
-នៅឆ្នាំ១៩៩៦ ក្នុងមហាសន្និបាតអាណត្តិទី៨ ឯកឧត្តមបានបន្តជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកគណៈអចិន្ត្រៃនៃការិយាល័យនយោបាយ និងប្រចាំការការិយាល័យនយោបាយ។
-នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៧ ក្នុងអង្គប្រជុំលើកទី៤ (អាណតិ្តទី៨) លោក បានជាប់ឆ្នោតជាអគ្គលេខាធិការមជ្ឈឹមបក្សនិងបានកាន់តួរនាទីនេះដល់ខែមេសាឆ្នាំ២០០១ ៕